ស្រាយចំងល់! រូបព្រះភ័ក្ត្រនៃចម្លាក់ទេពអប្សរា ដែលបានបាត់នោះ ពិតជារបេះធ្លាក់ពិតមែន
ថ្មីៗនេះ មហាជនបាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ជុំវិញករណីបាត់បង់រូបព្រះភ័ក្ត្រដ៏ស្រស់ប្រិមប្រិយនៃចម្លាក់ទេពអប្សរា នៅចំណុចដើមឈើដ៏ល្បីក្នុងរឿង Tomb Raider ដែលទើបនឹងរបេះថ្មីៗ។
ទាក់ទិនទៅនឹងរឿងនេះ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ នេះ តាមរយៈផេក Khmer Architectural បានបង្ហោះរូបភាពនៅទីតាំង ព្រមទាំងបានស្រាយចំងល់ឱ្យបានដឹងថា ពិតជាករណីរបេះធ្លាក់ពិតមែន ហើយសង្ឃឹមថានឹងជួសជុលបិតឡើងវិញឆាប់ៗ។
ទន្ទឹមនោះ កាលពីពេលកន្លងទៅ ក៏មានមហាជន ក៏ដូចជាអ្នកមគ្គុទេសទេសចរណ៍ដូចគ្នា បាននាំគ្នាបកស្រាយចម្ងល់មហាជន តាមរយៈខំមិនបែបនេះថា៖ «ខ្ញុំបានសួរមន្ត្រីនៅទីនោះ គាត់បាននិយាយថា ឫសឈើបានដុះចាក់បន្តិចម្តងៗ គួបផ្សំជាមួយនឹងការប្រេះស្រាំនៃថ្ម និងសំណើមនៃទឹកភ្លៀងផង បានធ្វើឱ្យមុខរបស់អប្សរាប្រេះជ្រុះតែម្តង។ ហើយបំណែកនៃមុខអប្សរា ត្រូវក្រុមការងារជួសជុលប្រាសាទ(ឥណ្ឌា)យកទៅរក្សាទុកហើយ។ នេះគឺជាចម្លើយពីមន្រ្តីដែលប្រចាំនៅកន្លែងហ្នឹងតែម្តង»។
ទន្ទឹមនោះ ក៏មានការបកស្រាយបែបនេះផងដែរថា៖ «បង បំណែកផ្ទៃមុខអប្សរាដែលជ្រុះនៅចំណុចកណ្ដាលមិនបានបាត់ទៅណាទេ ខាងអប្សរា និង ប៉ូលិសបានប្រគល់ឱ្យទៅខាងឥណ្ឌារក្សាទុកដើម្បីតភ្ជាប់ទៅវិញ តែឥលូវភ្លៀងមិនទាន់ឈប់ខាងឥណ្ឌាគាត់មិនទាន់បានតភ្ជាប់ទៅវិញទេ សូមកុំមានការយល់ច្រឡំថាបំណែកមុខអប្សរាដែលជ្រុះហ្នឹងបាត់ ឬ មានជនខិលខូចចូលលួចគាស់ គឺមិនមែនទេ»៕