ច្បាស់ៗ! ប្រជាពលរដ្ឋអ្នកព្រះដាក់រក្សាភាពនឹងនរ មិនមានការរុះរើ នៅក្នុងភូមិទាំង ៦ នៅក្នុងឃុំនេះទេ
តាមរយៈផេកផ្លូវការ អភិបាលរងខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២២ នេះ បានបញ្ជាក់នូវប្រសាសន៍ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំព្រះដាក់ ព្រឹកមិញនេះថា «បងប្អូនប្រជាពលរដ្ឋអ្នកព្រះដាក់ត្រូវរក្សាភាពនឹងនរ យើងអត់មានការរុះរើប្រជាពលរដ្ឋនៅក្នុងភូមិទាំង ៦នៅក្នុងឃុំនេះទេ!»។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសុំឱ្យអ្នកព្រះដាក់ត្រូវសន្យាថា ទប់ស្កាត់កុំឱ្យមានអ្នកថ្មីចូលមករស់នៅ និងមានការសាងសង់សំណង់ថ្មីកើតឡើង ដើម្បីថែរក្សាអត្តសញ្ញាណរបស់អ្នកព្រះដាក់ឱ្យបាន។
តាមរយៈការបញ្ជាក់បែបនេះ លោកអភិបាលរងខេត្ត ឃឹម ហ្វីណង់ សង្ឃឹមថាពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់នឹងបានស្ងប់ចិត្ត និងលែងមានការព្រួយបារម្ភបន្តទៅទៀត៕