ព្រះមហាក្សត្រថៃ ត្រៀមយាងចូលរួមរំលែកទុក្ខ និង ថ្វាយព្រះភ្លើងបូជាសពជនរងគ្រោះ ៣៩ នាក់
កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមិននឹកស្មានមួយ នៅប្រទេសថៃ បានច្របាច់បេះដូងមហាជនឱ្យសោកស្រណោះអាណិតខ្លោចចិត្ត ដោយមានបុរសម្នាក់បានសម្រុកទៅបាញ់រះនៅក្នុងសាលារៀនមួយកន្លែង ធ្វើឱ្យកូនសិស្ស និង គ្រូៗដេកស្លាប់តម្រៀបគ្នាយ៉ាងគួរឱ្យរន្ធត់បំផុត។
ក្នុងនោះ បើតាមព័ត៌មានបានឱ្យដឹងថា បុរសជាខ្មាន់កាំភ្លើងរូបនេះ អាយុ ៣៤ ឆ្នាំ តាមពិតទៅគឺជាអតីតមន្រ្តីប៉ូលិសមួយរូប ដែលទើបតែត្រូវគេបណ្តេញចេញពីការងារ។ បន្ទាប់ពីបានប្រព្រឹត្តសកម្មភាពបាញ់រះយ៉ាងឃោរឃៅទៅលើក្មេងៗ និងគ្រូរួចមក បុរសខាងលើនេះ ក៏ថែមទាំងត្រលប់ទៅផ្ទះ រួចបាញ់សម្លាប់ប្រពន្ធកូនរបស់កូន ហើយចុងក្រោយក៏ផ្តាច់ជីវិតខ្លួនឯងថែមទៀត។
យ៉ាងណាមិញ មកទល់ពេលនេះ ប៉ូលិសពាក់ព័ន្ធជាច្រើន បានខ្វែងដៃខ្វែងជើងចាត់ចែងរៀបចំកំណត់អត្តសញ្ញាណ ក៏ដូចជារៀបចំសាកសពឱ្យទៅឱ្យសាច់ញាតិជនរងគ្រោះផងដែរ ហើយក្នុងនោះ គេបានឱ្យដឹងថា អ្នកស្លាប់ទាំងអស់គឺកើនឡើងរហូតដល់ ៣៩ នាក់ទៅហើយ គិតទាំងការស្លាប់នៅកន្លែងកើតហេតុ និង ស្លាប់នៅមន្ទីរពេទ្យ។
ក្នុងនោះ ហេតុការណ៍មួយនេះ បានធ្វើឱ្យមហាជន តារាប្រុសស្រីល្បីៗ ក៏ដូចជាមន្ត្រីរាជការជាច្រើនក្នុងគ្រប់ជាន់ថ្នាក់ក្នុងសង្គមថៃ ម្នាក់ៗចូលរួមសោកស្តាយ ក៏ដូចជាលើកទឹកដល់ក្រុមគ្រួសារយ៉ាងអស់ពីចិត្តតែម្តង។ ជាពិសេសទៅទៀតនោះ ព្រះមហាក្សត្ររបស់ថៃ ទ្រង់ក៏នឹងត្រៀមយាងចុះទៅកន្លែងកើតហេតុ នាខេត្តអ៊ុដនថានីផ្ទាល់ នាថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ នេះ ដើម្បីចុះទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ក៏ដូចជាយាងទៅសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ។
យ៉ាងណាមិញ មុននេះទ្រង់ក៏បានត្រាស់ឱ្យមន្ត្រីជាច្រើនរូប ចុះទៅតាមមន្ទីរពេទ្យតំណាងឱ្យទ្រង់ម្តងរួចទៅហើយ ហើយទ្រង់ក៏ទទួលផ្គត់ផ្គង់រ៉ាប់រងលើការចំណាយថ្លៃព្យាបាលរបស់ជនរងគ្រោះទាំងនោះទៀតផង។ ចំណែកក្នុងការយាងទៅលើកនេះ ទ្រង់ក៏នឹងត្រៀមថ្វាយព្រះភ្លើង បូជាសពជនរងគ្រោះ ផងដែរ៕