ទីបំផុត Netflix សម្រេចលុបរឿង Little Women ចេញពីកម្មវិធីនៅវៀតណាមហើយ ដោយសារប៉ះពាល់ប្រវត្តិសាស្រ្ត
ក្រុមហ៊ុន Netflix បានសម្រេចដកខ្សែភាពយន្តកូរ៉េខាងត្បូងរឿង «Little Women» ចេញពីកម្មវិធីរបស់ខ្លួននៅវៀតណាម បន្ទាប់ពីមានការប្តឹងពីអាជ្ញាធរវៀតណាម ក្រោមបទបង្ខូចប្រវត្តិសាស្ត្រនៃសង្គ្រាមវៀតណាម។ អ្នកតំណាងក្រុមហ៊ុន Netflix បាននិយាយកាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ ម្សិលមិញថា ភាពយន្តនេះត្រូវបានដកចេញពីក្រុមហ៊ុន Netflix ក្នុងប្រទេសវៀតណាម «ដោយយោងតាមឯកសារ ដែលដាក់ជូនដោយអាជ្ញាធរផ្សព្វផ្សាយ និង ព័ត៌មានអេឡិចត្រូនិក ក្រោមក្រសួងព័ត៌មាន និង ទំនាក់ទំនង»។
គួររម្លឹកឡើងវិញថា ទីភ្នាក់ងារវៀតណាមបានស្នើសុំដកចេញខ្សែភាពយន្តនេះ ព្រោះវាបានបំពានលើច្បាប់ប្រព័ន្ធផ្សព្វផ្សាយជាតិ និង ភាពយន្ត ដោយសារតែប៉ារ៉ូលរបស់តួសម្តែង បាននិយាយមិនត្រឹមត្រូវអំពីសង្គ្រាមវៀតណាមនៅក្នុងភាគទី ៣ និង ទី ៨ ។ ដោយឡែកកាលពីខែកក្កដាឆ្នាំមុន ក្រុមហ៊ុន Netflix ក៏បានដកភាគចំនួន ៦ នៃរឿងចារកម្មរបស់ខ្លួនឈ្មោះ «Pine Gap» ផងដែរ បន្ទាប់ពីវៀតណាមបានរកឃើញថា វាមានរូបភាពខុសច្បាប់នៃ «Nine Dash Line» ដ៏ល្បីល្បាញ ដែលទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង។
យ៉ាងណាមិញលោក Le Quang Tu Do ប្រធានអាជ្ញាធរ បាននិយាយថាក្រុមហ៊ុន Netflix បានដកភាពយន្តចេញនៅម៉ោង ៣ រសៀលកាលពីថ្ងៃព្រហស្បតិ៍ ទី ៦ ខែតុលា ម្សិលមិញ ដោយក្រុមហ៊ុនបាននិយាយថា៖ «Netflix តែងតែប្រកាន់ខ្ជាប់ និង គោរពតាមច្បាប់ និង កិច្ចព្រមព្រៀងទាក់ទងនឹងខ្លឹមសារដែលមានការបំពាន ទោះបីជាយ៉ាងណាក៏ដោយ ប៉ុន្តែមានចំនួនភាពយន្តជាច្រើនដែលពួកគេបានទទួលស្គាល់ថា មានកំហុស ហើយ Netflix បាននិយាយថា គេនឹងបង្កើនការត្រួតពិនិត្យបន្ថែម ដើម្បីកាត់បន្ថយកំហុសឆ្គង»។
លោកបាននិយាយថា ក្រុមហ៊ុន Netflix ក៏កំពុងស្វែងរកបទប្បញ្ញត្តិដើម្បីបើកការិយាល័យតំណាង ឬក្រុមហ៊ុននៅក្នុងប្រទេសវៀតណាមផងដែរ។ គួរឱ្យដឹងដែរថា ខ្សែភាពយន្ត K-drama របស់ Netflix រឿង «Little Women» គឺជាការសម្របសម្រួលពីប្រលោមលោកបុរាណដែលមានឈ្មោះដូចគ្នារបស់លោក Louisa May Alcott ដែលជាអ្នកនិពន្ធអាមេរិក ប៉ុន្តែរឿងនេះបានកែប្រែសាច់រឿងខ្លះដើម្បីឱ្យសមទៅនឹងរសនិយមជនជាតិកូរ៉េ ដែលបានចាក់បញ្ចាំងជាលើកដំបូងនៅក្នុងខែកញ្ញា៕
ប្រភព៖ VNExpress