លោក ផន ផល្លា ទម្លាយអត្តចរិត ជនសង្ស័យជាឪពុកក្មេងតូច យ៉ាងរំជួលចិត្ត សូម្បីជំរះស្មៅឱ្យគេ ក៏កណ្តៀតកូនជាប់ចង្កេះ
នៅពេលថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍ និងកើតក្ដីអាណិតអាសូរទៅដល់ក្មេងប្រុសដែលមានអាយុទើបតែ ២ ខួប ជួបប្រទះរឿងសមត្ថកិច្ចចាប់ខ្លួនឪពុក នៅនឹងមុខ ទាក់ទិនករណីសង្ស័យលួចឡាន របស់កងរាជអាវុធហត្ថនៅខេត្តស្ទឹងត្រែង។
ក្រោយជួបរឿងបែបនេះ នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តម ផន ផល្លា បានទៅជួបក្មេងប្រុសដោយផ្ទាល់ ព្រមទាំងទម្លាយឱ្យបានដឹងថា ឪពុកម្ដាយរបស់ «ឆ្លាត» (ឈ្មោះកូនតូចនេះ) បានបែកបាក់គ្នាតាំងតែពី ឆ្លាត មានអាយុត្រឹមតែ ២ ខែ ប៉ុណ្ណោះ ខណៈ ឆ្លាត ត្រូវបានឪពុកទទួលយកមក ចិញ្ចឹមបីបាច់ជាមួយខ្លួនតាំងតែពីពេលនោះមក។
ទន្ទឹមនោះ តាមការបញ្ជាក់ពី យាយតារបស់ «ឆ្លាត» គឺឪពុករបស់ ឆ្លាត បានស្រឡាញ់ ឆ្លាត ខ្លាំងណាស់ ហើយតែងតែយកកូននេះ ទៅជាមួយជានិច្ចនៅពេលគេទៅធ្វើការក្នុងចម្ការចេកឱ្យគេក៏ដោយ។ ងាកមកមិត្តភក្តិដែលធ្វើការនៅក្នុងចម្ការចេកជាមួយឪពុករបស់ ឆ្លាត ឯណោះវិញ ក៏បាននិយាយប្រាប់លោកផងដែរថា៖ «ពេលធ្វើការជំរះស្មៅចំការចេកឱ្យគេម្តងៗ ឪពុករបស់ ឆ្លាតតែងតែប្រើដៃម្ខាងបីកណ្តៀតកូន ហើយដៃម្ខាងទៀតកាន់ចបជំរះស្មៅ»។ អ្នកចំការទាំងនោះ បានបញ្ជាក់ប្រាប់បន្ថែមថា៖ «តាំងតែពីកើតមក ពួកគេមិនដែលបានឃើញ ឪពុកណាដែលតែងតែបីកូនអោបជាប់ទ្រូង យ៉ាងដូច្នោះទេ នៅពេលដែលថៅកែ បើកលុយឱ្យឪពុករបស់ ឆ្លាតម្តងៗ (ប្រហែល ៣ម៉ឺន-៤ម៉ឺនរៀល) គឺឪពុករូបនោះ គឺមិនហ៊ានទិញអីហូបខ្លួនឯងផ្តេសផ្តាស់ទេ គឺគេតែងតែទុកវា ដើម្បីទិញនំឱ្យកូនញុំា ហើយចំពោះមូលហេតុ ដែលធ្វើឱ្យឪពុករបស់ ឆ្លាតលែងអនុញ្ញាតឱ្យធ្វើការនៅក្នុងចម្ការចេកនោះតទៅទៀត ក៏ព្រោះតែគេ មិនអាចបំពេញការងារបានច្រើន ដោយរូបគេគិតតែរវល់ពីកូន…ត្រង់ចំណុចនេះហើយ ដែលឪពុករបស់ ឆ្លាត បានបីកូនចាកចេញពីចំការនោះ ជាមួយនឹងម៉ូតូកញ្ចាស់មួយគ្រឿង ដោយមានឥវ៉ាន់ចងដាក់ពីលើយ៉ាងសំពីងសំពោងផងដែរ»។
លុះក្រោយពីចាកចេញពីចម្ការចេកនោះ មិនបានប៉ុន្មានផង ក៏មានផ្ទុះរឿងរ៉ាវនៃការលួចឡាន របស់កងរាជអាវុធហត្ថនៅខេត្តស្ទឹងត្រែងនេះតែម្តង ខណៈពេលនេះ លោក ផន ផល្លា រីករាយជានិច្ចក្នុងការទទួល ឆ្លាត មកនៅជាមួយកូនៗរបស់លោកផ្សេងទៀត តែត្រូវរងចាំដំណើរការក្តីក្តាំងរបស់ឪពុកឆ្លាត ចប់សព្វគ្រប់សិន៕