អ្នករស់នៅតាមដងស្ទឹងពោធិ៍សាត់ សូមប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងហក់ឡើងខ្លាំង ដល់កម្រិតប្រកាសអាសន្ន
ក្រសួងធនធានទឹក និង ឧតុនិយមបានចេញសេចក្ដីជូនដំណឹងស្ដីពី «ស្ថានភាពទឹកស្ទឹងពោធិ៍សាត់» ថាការព្យាការណ៍លើស្ថានភាពអាកាសធាតុរបស់ក្រសួងបង្ហាញថាកន្លងមកប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយលើព្រះរាជាណាចក្រកម្ពុជា ជាមួយខ្យល់មូសុងនិរតីខ្សោយ ស្របពេលដែលមានការជួបប្រសព្វគ្នា រវាងទ្រនុងសម្ពាធខ្ពស់ គឺប្រទេសចិន (ភាគខាងជើង) និង សម្ពាធទាប ដែលរុញពីក្រោមក៏មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជាផងដែរ ដោយសារតែហេតុនេះទើបមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ ដោយគិតចាប់ពីថ្ងៃទី ៥ ខែតុលា ម្សិលមិញនេះ រហូតដល់ ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ លើផ្ទៃប្រទេស។
ជាក់ស្ដែង គិតត្រឹមម៉ោង ៤ ល្ងាចថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ នេះរបាយការណ៍បានបង្ហាញថា ទឹកស្ទឹងពោធិ៍សាត់ បានហក់ឡើងយ៉ាងខ្លាំង ដោយមានប្រភពទឹកភ្លៀងតំបន់ជួរភ្នំក្រវាញ នៅផ្នែកខាងលើដែលមានកម្រិតកម្ពស់ ៖ ស្ទឹងពោធិ៍សាត់ ៥.០៣ ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន ៥ ម៉ែត្រ) ស្ទឹងក្រវាញ កម្ពស់ ៣.៧០ ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន ៦ ម៉ែត្រ) និង ស្ទឹងវាលវែង កម្ពស់ ២.៣ ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន ៩ ម៉ែត្រ)។
ដោយយោង តាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និង ឧតុនិយមខេត្ត បានជូនដំណឹងដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់ និង ស្ទឹងពាក់ព័ន្ធឱ្យបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ហើយត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕
សូមអានសេចក្ដីជូនដំណឹងដែលមានភ្ជាប់ជូនខាងក្រោមនេះ៖
រូបភាពដោយ៖ ក្រសួងធនធានទឹក និង ឧតុនិយម