វៀតណាមស្នើ Netflix ឱ្យលុបរឿងកូរ៉េខាងត្បូង Little Women ដោយសារបង្ខូចប្រវត្តិសាស្រ្តរបស់ខ្លួន
កាលពីថ្ងៃពុធ ទី ៥ ខែតុលា ឆ្នាំ ២០២២ ម្សិលមិញនេះ ប្រទេសវៀតណាមបានស្នើឱ្យក្រុមហ៊ុន Netflix បញ្ឈប់ការចាក់ផ្សាយរឿងភាគកូរ៉េខាងត្បូង «រឿង Little Women» ដោយចោទប្រកាន់ថា រឿងភាគនេះបានបំភ្លៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃសង្គ្រាមវៀតណាម។
នៅក្នុងភាគទី ៣ និង ភាគទី ៨ នៃរឿងបានផ្អែកលើ ប្រលោមលោកមួយតែងដោយ Louisa May Alcott ដែលជាអ្នកនិពន្ធអាមេរិកក្នុងសម័យសង្រ្គាមអាមេរិក វៀតណាម ដោយរឿងនេះ មានទាហានជើងចាស់ ដែលមកពីកូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថាកំពុងតែអួតអំពី «ចំនួនទាហានដែលខ្លួនបានសម្លាប់» រវាងកងទ័ពមកពីប្រទេសរបស់គាត់ និង វៀតកុង។ ជនជាតិកូរ៉េខាងត្បូងជាង ៣២០០០០ នាក់ ត្រូវបានបញ្ជូនទៅប្រទេសវៀតណាម នៅចន្លោះឆ្នាំ ១៩៦៤ និង ១៩៧៣ ដើម្បីប្រយុទ្ធជាមួយទាហានអាមេរិក។
អតីតយុទ្ធជនក្នុងរឿងភាគនេះ គឺជាជនជាតិកូរ៉េ ហើយបានប្រាប់តួអង្គសំខាន់មួយនៅក្នុងរឿងថា «នៅក្នុងសមរភូមិដ៏ល្អបំផុតរបស់ពួកយើង យើងបានសម្លាប់ទាហានវៀតណាម ២០ នាក់ ឬ លើសនេះ ដោយចំណាយទាហានកូរ៉េតែម្នាក់ប៉ុណ្ណោះ ដែលវាច្រើនជាងចំនួនទាហានណាៗទាំងអស់របស់បរទេស»។ បន្ទាប់មក គាត់បាននិយាយបន្តទៀតថា គេមិនអាចដឹងទេថា តើទាហានវៀតណាមខាងជើងប៉ុន្មាននាក់ពិតប្រាកដ ដែលត្រូវបានទាហានកូរ៉េខាងត្បូងសម្លាប់ក្នុងអំឡុងពេលសង្គ្រាមនោះទេ។
យ៉ាងណាមិញ នៅក្នុងលិខិតដែលផ្ញើទៅ Netflix អាជ្ញាធរផ្សព្វផ្សាយ និង ព័ត៌មានអេឡិចត្រូនិករបស់វៀតណាមបាននិយាយថា រឿងនេះបានបំពានច្បាប់របស់ប្រទេសដោយប្រឆាំងនឹង «ការបំភ្លៃប្រវត្តិសាស្ត្រ បដិសេធសមិទ្ធិផលបដិវត្តន៍ ធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ និង វីរបុរសរបស់ប្រទេស» នេះបើយោងតាមសារព័ត៌មាន Vietnamnet ។ លិខិតនោះបានបន្ថែមទៀតថា រឿងភាគនេះគឺ «បានបង្ហាញពីការសន្ទនារវាងតួអង្គ ដែលសរសើរឧក្រិដ្ឋកម្មរបស់ទាហានស៊ីឈ្នួលកូរ៉េ» ក្នុងអំឡុងសង្គ្រាម។
មិនតែប៉ុណ្ណោះ នៅក្នុងលិខិតដដែលនោះ វៀតណាមបានដាក់កំហិតឱ្យក្រុមហ៊ុន Netflix លុបចោលរឿងភាគកូរ៉េខាងត្បូងមួយនេះចេញត្រឹមថ្ងៃទី ៥ ខែតុលា ម្សិលមិញនេះ ខណៈដែលរឿងLittle Women នៅតែបន្តចាក់ផ្សាយ នៅរសៀលថ្ងៃទី ៥ ខែតុលាដដែល។
គួរឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ ២០២០ មកក្រុមហ៊ុន Netflix បានលុបរឿងភាគចំនួន ៣ ចេញពីគេហទំព័ររបស់ខ្លួនក្នុងប្រទេសវៀតណាម បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីអាជ្ញាធរមូលដ្ឋានជុំវិញការចោទប្រកាន់ថា «រំលោភលើអធិបតេយ្យភាពរបស់ប្រទេស»៕
ប្រភព៖ CNA