ជំនន់ទឹកភ្លៀង ចាប់ផ្តើមច្រាលពីក្នុងស្ទឹងសង្កែ ចូលមកក្នុងក្រុងបាត់ដំបងហើយ
ចាប់តាំងពីយប់ថ្ងៃទី ៤ រហូតមកទល់នឹងថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២ នេះទឹកក្នុងស្ទឹងសង្កែបានចាប់ផ្ដើមស្ទុះឡើងយ៉ាងខ្លាំង និង មានល្បឿនលឿនជាទីបំផុត ដែលធ្វើឱ្យទឹកជន់ជោរប្រៀបមាត់ច្រាំង ដោយអាចបង្កឱ្យអ្នកដែលរស់នៅតាមមាត់ស្ទឹង ចាំបាច់ត្រូវរើសម្ភារឡើងមកទីទួលជាបណ្ដោះអាសន្ន។
បើយោងតាមហ្វ៊េសប៊ុកផេក រដ្ឋបាលក្រុងបាត់ដំបង បានបង្ហោះថា ស្ថានភាពទឹកស្ទឹងសង្កែ ក្រុងបាត់ដំបងនៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២ នេះគឺបានឡើងដល់កម្ពស់ ១៣.៦០ ម៉ែត្រ ដែលជាកម្រិតមួយត្រូវប្រកាសអាសន្ន សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងសង្កែត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសជនចាស់ជរា ជនពិការ កុមារតូចៗជាដើម។
ដោយឡែកព្រឹកនេះគេសង្កេតឃើញមានផ្លូវជាច្រើនខ្សែដែលនៅកណ្ដាលក្រុងបាត់ដំបងត្រូវបានទឹកស្ទឹងច្រាលតាមប្រព័ន្ធលូជន់លិចដែលបង្កាជាបញ្ហាក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ៕
រូបភាពដោយ៖ រដ្ឋបាលក្រុងបាត់ដំបង និង ហ្វ៊េសប៊ុកឯកឧត្ដម សុខ លូ