ក្ដៅៗ! នៅបាត់ដំបង ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ក្រោយទឹកចាប់ផ្ដើមច្រាលចេញស្ទឹងសង្កែ
នៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២ នេះ អាជ្ញាធរខេត្តបាត់ដំបង បាន និង កំពុងញាប់ដៃញាប់ជើងត្រៀមបំរុងជួយជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ដោយសារមានភ្លៀងធ្លាក់ខ្លាំង កាលពីយប់ថ្ងៃទី ០៤ ខែតុលា កន្លងទៅ។
តាមរយៈការដឹកនាំរបស់អភិបាលរងនៃគណៈអភិបាលខេត្ត លោក ខូយ រីដា បានចុះពិនិត្យពីស្ថានភាពទឹកជំនន់ទឹកភ្លៀងតាមដងស្ទឹងសង្កែ បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋដែលនៅតាមច្រាំងដងស្ទឹងសង្កែ សូមបង្កើនការប្រុងប្រយ័ត្នឱ្យខ្ពស់ ជាពិសេសជនចាស់ជរា ជនពិការ កុមារតូចៗ ជាដើម ដែលជាការព្រួយបារម្ភស្តីអំពីស្ថានភាពជំនន់ទឹកភ្លៀងចាប់ផ្តើមច្រាលចេញពីខាងក្នុងស្ទឹងសង្កែចូលមកក្នុងក្រុងបាត់ដំបងជន់ជោរលិចផ្លូវ និង ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋហើយ គឺមានកម្ពស់ដល់ ១៣.៦១ ម៉ែត្រ ជាកម្រិតប្រកាសអាសន្ន។
ទន្ទឹមនោះ បើតាមការបញ្ជាក់របស់មន្ត្រី ធនធានទឹកដែលប្រចាំការនៅតំបន់ទំនប់កង្ហត ទំនប់សេកសក បានឱ្យដឹងថា ក្នុងខេត្តបាត់ដំបង ក៏ដូចជាបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែរងនូវការជន់លិចនូវជំនន់ទឹកភ្លៀង ប៉ុន្តែក្នុងរយៈពេលពីថ្ងៃចុងក្រោយនេះជំនន់ទឹកភ្លៀងមានការថមថយ ប៉ុន្តែបែរជាទឹកស្ទឹងសង្កែដែលមានទឹកហូរកាត់ក្នុងតំបន់ស្រុកសំឡូត កាលពីយប់មិញ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ជាហេតុធ្វើឱ្យទឹកស្ទឹងសង្កែហក់ឡើងខ្ពស់ទៅវិញ តាំងពីក្បាលព្រលប់រហូតដល់ពេលនេះ៕
ប្រភព ៖ ទទក