វេទិកាអុំទូកនៅបាត់ដំបង បង្ហាញសម្រស់ពេលរាត្រី រំលេចភ្លើងពណ៌មាសភ្លឺចិញ្ចាច ស្រស់ស្អាតណាស់
ថ្មីៗនេះ រដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញពីទិដ្ឋភាពនៃវេទិកាអុំទូកនៅពេលរាត្រីជាមួយភ្លើងភ្លឺចិញ្ចាច ជាសមិទ្ធផលថ្មីមួយក្នុងភូមិសាស្ត្រទឹកដីខេត្តបាត់ដំបង ខណៈវេទិកាដ៏ត្រដឹមត្រដែតនេះ នឹងបើកឱ្យសម្ពោធប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
អ្វីដែលកាន់តែពិសេសទៀតនោះ មហាជនរំពឹងថា វេទិកាខាងលើអាចប្រើប្រាស់ទាន់ពេលវេលាដែលខេត្តបាត់ដំបងមានរៀបចំនូវពិធីបុណ្យអុំទូក និង បណ្ដែតប្រទីប នៅថ្ងៃចេញព្រះវស្សា ត្រូវនឹងថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ ២០២២ នៅតាមបណ្តោយស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីស្ពានសម្តេចក្រឡាហោម ស ខេង រហូតដល់ស្ពានថ្មថ្មី។
សូមរំឭកផងដែរថា កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ តាមរយៈផេកផ្លូវការរបស់លោក បានបញ្ជាក់ពីកម្មវិធីក្រុងពាលីសាងសង់វេទិកាអុំទូក ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ក្រោយពីការប្រកាសបែបនេះ គេសង្កេតឃើញក្រុមការងារបានព្យាយាមសាងសង់ទាំងយប់ទាំងថ្ងៃ ស្របពេលដែលគម្រោងនេះ នឹងសាងសង់ឱ្យហើយរួចរាល់មុនព្រឹត្តិការណ៍បុណ្យអុំទូក បណ្ដែតប្រទីប ដែលរដ្ឋបាលខេត្តបាត់ដំបង នឹងប្រារព្ធរៀបចំធ្វើឡើង៕
រូបភាព ៖ រដ្ឋបាលខេត្តបាត់ដំបង