រំភើបណាស់! ប្រទះឃើញ កូនផ្សោតថ្មីមួយក្បាល ក្នុងទន្លេមេគង្គ ជាកូនទី ៦ កត់ត្រាក្នុងឆ្នាំនេះ
ជាដំណឹងដ៏រីករាយ ក្រុមស្រាវជ្រាវនៃរដ្ឋបាលជលផល របស់រាជរដ្ឋាភិបាល និងអង្គការ WWF បានថតរូបកូនផ្សោតទន្លេមេគង្គមួយក្បាល កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២ ហើយបានបញ្ជាក់ថា វាជាកូនទីប្រាំមួយដែលត្រូវបានកត់ត្រានៅឆ្នាំនេះ។
កូនផ្សោតថ្មីមួយក្បាលនេះ មានអាយុប្រហែល ២ សប្តាហ៍ បានប្រទះឃើញហែលជាមួយសត្វផ្សោតពេញវ័យចំនួន ៤ ក្បាលផ្សេងទៀត ខណៈដែលក្រុមការងារ កំពុងចុះសិក្សាស្រាវជ្រាវអំពីចំនួនសត្វផ្សោត ក្នុងតំបន់ទីជម្រកស្ថិតនៅចម្ងាយប្រហែល ៣ គីឡូម៉ែត្រ ពីអង្លង់កាំពី នៃខ្សែទឹកខាងលើក្នុងស្រុកសំបូរ ខេត្តក្រចេះ។
គួររំឭកផងដែរថា កូនសត្វផ្សោតចំនួនប្រាំមួយក្បាល ត្រូវបានកត់ត្រាកាលពីឆ្នាំ ២០២១ កន្លងទៅ ខណៈសត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ដែលនេះជាចំណាត់ថ្នាក់នៃប្រភេទគំរាមកំហែងខ្ពស់បំផុតជាសកលសម្រាប់ប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតទន្លេមេគង្គ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៨៩ ក្បាល (២០២០) ដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា៕
ប្រភព ៖ WWF Cambodia