ខេត្តកំពង់ធំ ប្រកាសលើកពេលពិធីអុំទូក ក្រោយពីកម្ពស់ទឹកស្ទឹងសែន ហក់ឡើងលើសកម្រិតប្រុងប្រយ័ត្ន
នៅព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ នេះគណនីហ៊្វេសប៊ុកផេករបស់រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសស្ដីជូនដំណឹងស្ដីពីការលើកពេលពិធីអុំទូកខេត្តកំពង់ធំ ឆ្នាំ ២០២២ ដោយសារតែកត្តាស្ថានភាពអាកាសធាតុ និង កម្ពស់ទឹកស្ទឹងសែនកំពុងហក់ឡើង។
ដោយគិតត្រឹមថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ស្ថានីយស្ទឹងសែនទឹកមានកម្ពស់ ១៣,៩៥ ម៉ែត្រ ដែលលើសកម្រិតឱ្យមានការប្រុងប្រយ័ត្ន (កម្ពស់ប្រុងប្រយ័ត្នបឋម ១៣,៥០ ម៉ែត្រ) ស្ថានភាពបែបនេះបានធ្វើឱ្យទឹកចាប់ផ្តើមជន់លិចផ្លូវមួយចំនួននៅជុំវិញក្រុងស្ទឹងសែន និង នៅក្នុងក្រុងទឹកបានហូរចេញពីស្ទឹងជន់លិចផ្លូវមួយខ្សែ នៅមាត់ស្ទឹងនៅម្តុំផ្សារចាស់។
ពិធីអុំទូកខេត្តកំពង់ធំ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ ២០២២ ត្រូវបានលើកទៅពេលក្រោយ ដោយសារតែកម្ពស់ទឹកស្ទឹងសែនកហ់ឡើងខ្លាំង មិនអាចឱ្យទូកអុំឆ្លងកាត់ក្រោមស្ពានបាន ដោយបញ្ជាក់ថាពិធីអុំទូកនេះនឹងរៀបចំឡើងនៅពេលដែលកម្ពស់ទឹកស្ទឹងសែនមានលក្ខណៈសមស្របអាចឱ្យធ្វើបាន អាជ្ញាធរនឹងជូនដំណឹងជាថ្មី៕
សូមអានសេចក្ដីជូនដំណឹងដែលមានភ្ជាប់ជូនខាងក្រោម ដើម្បីដឹងព័ត៌មានកាន់តែច្បាស់៖
រូបភាពដោយ រដ្ឋបាល ខេត្តកំពង់ធំ & ក្រសួងធនធានទឹក និង ឧតុនិយម