ទីបំផុត! ផ្លាកសញ្ញាពូថៅដៃ នៅលើផ្លូវល្បឿនលឿន ត្រូវបានដកចេញហើយ
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្រោយបើកឱ្យដំណើរការសាកល្បងឥតគិតថ្លៃ នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ បានធ្វើឱ្យមហាជននាំគ្នាផ្ទុះការងឿងឆ្ងល់ និង វែកញែកជាបន្តបន្ទាប់ចំពោះ អត្ថន័យនៃផ្លាកសញ្ញាចរាចរណ៍រូបពូថៅ ដែលគេបានប្រទះឃើញ នៅលើបណ្ដោយផ្លូវល្បឿនលឿន ដែលបានដាក់ឱ្យប្រើប្រាស់សាកល្បងឥតគិតថ្លៃ រយៈពេល ១ ខែពេញ។
ទាក់ទិនទៅនឹងផ្លាកសញ្ញាខាងលើនេះ តាមរយៈគណនីលោក ផែង វណ្ណៈ បានបង្ហោះឱ្យបានដឹងថា ឯកឧត្ដម គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ចំពោះករណីកំពុងចាប់អារម្មណ៍ខាងលើបែបនេះថា ៖ «ផ្លាកសញ្ញាពូថៅដៃ ដែលដាក់នៅផ្លូវល្បឿនលឿន គ្មានចែងក្នុងច្បាប់ចរាចរណ៍ទេ ក្រសួងបានណែនាំឱ្យក្រុមហ៊ុនដោះចេញវិញហើយ»។
ទន្ទឹមនោះ តាមរយៈគណនី ឯកឧត្ដម គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានបង្ហោះពីការដកចេញនៃស្លាកសញ្ញាខាងលើ ព្រមទាំងបានបញ្ជាក់បែបនេះថា ៖ «ដោយសារផ្លាកសញ្ញាពូថៅដៃនេះ ប៉ុន្មានថ្ងៃនេះខ្ញុំ និង ក្រុមការងារមិនបានសម្រាកស្រួលទេ នេះក៏ដោយសារក្រុមហ៊ុនមុននឹងដាក់មិនបានពិភាក្សាជាមួយក្រសួងជាមុនសិន ដោយគាត់ផលិតដាក់តាមផ្លូវជាសញ្ញាថា (ហាមកាប់ឈើ និង កាត់របងការពារសុវត្ថិភាពផ្លូវ)។ ដោយមានចម្ងល់ជាច្រើនពីបងប្អូនតាមបណ្ដាញទំនាក់ទំនងសង្គមលើផ្លាកសញ្ញាពូថៅដៃនេះ ក្រសួងក៏បានឱ្យក្រុមហ៊ុនដកចេញរួចរាល់ហើយដែរ។ សូមបងប្អូនមេត្តាជ្រាប និង សូមមេត្តាអធ្យាស្រ័យដែលក្រុមហ៊ុនមានការភាន់ច្រឡំដោយអចេតនានេះ និង សូមជូនពរការធ្វើដំណើរលើផ្លូវល្បឿនលឿនបានប្រកបដោយសេចក្ដីសុខសុវត្ថិភាព និង ជួយលើកតម្កើងសមិទ្ធផលជាតិយើងទាំងអស់គ្នា»៕