ផ្ទុះការចាប់អារម្មណ៍! កីឡាករអុំទូក-ងនៅបាត់ដំបង សង្ហាៗសាច់ដុំណែនៗ កំពុងទាក់ចិត្តមហាជនខ្លាំង
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និង សំពះព្រះខែ នៅកម្ពុជានឹងមកដល់នៅថ្ងៃទី ០៧ ដល់ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ តែយ៉ាងណា ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ ឆ្នាំ ២០២២ សម្រាប់ថ្នាក់ជាតិត្រូវបានផ្អាកការរៀបចំ ឯពិធីបុណ្យអុំទូកកម្សាន្តសប្បាយរបស់ប្រជាជននៅតាមបណ្ដារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅបានតាមលទ្ធភាពជាក់ស្ដែង។
ជាក់ស្ដែង បើយើងក្រឡេកទៅមើលភូមិសាស្ត្រខេត្តបាត់ដំបង កៀកថ្ងៃជិតរៀបចំបុណ្យអុំទូកថ្នាក់ខេត្តមកដល់ គេសង្កេតឃើញកីឡាករអុំទូកជាច្រើននាំគ្នា ធ្វើពិធីទម្លាក់បង្គងទូក (ង) ព្រមទាំងហ្វឹកហាត់ជាបណ្ដើរៗ ដើម្បីត្រៀមលក្ខណៈប្រកួត។
ទន្ទឹមទៅនឹងការហ្វឹកហាត់ទៀតនោះ កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២២ ម្សិលមិញនេះ មហាជនអ្នកលេងបណ្ដាញសង្គម បាននាំគ្នាចាប់អារម្មណ៍ ព្រមទាំងចែករំលែកបន្តគ្នាព្រោងព្រាត ចេញពីគណនីឈ្មោះ នរិន្ទរង្សី ពិជ័យចិត្របុត្រ នូវសម្រស់ដ៏ស្រស់សង្ហារបស់កីឡាករអ្នកអុំទូក-ង ដែលមានសាច់ដុំធំៗ បូករួមសាក់យ័ន្តខ្មែរ អុំទូកប្រកបដោយភាពស្វាហាប់ ស្រស់សង្ហា គួរឱ្យចាប់អារម្មណ៍ក្រៃលែង។
សូមរំឭកផងដែរថា ខេត្តបាត់ដំបង នឹងមានរៀបចំប្រារព្ធពិធីបុណ្យអុំទូក និង បណ្ដែតប្រទីប នៅថ្ងៃចេញព្រះវស្សា ត្រូវនឹងថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ ២០២២ នៅតាមបណ្តោយស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីស្ពានសម្តេចក្រឡាហោម ស ខេង រហូតដល់ស្ពានថ្មថ្មី៕
រូបភាពដោយ ៖ ពិជ័យចិត្របុត្រ