បារាំង លុបចោលគម្រោងសង់ផ្ទះជុំវិញទួអេហ្វែល ក្រោយពលរដ្ឋជិត ១៥ ម៉ឺននាក់ បំបុកធ្វើបាតុកម្មប្រឆាំង
មន្ត្រីក្នុងក្រុងប៉ារីស ប្រទេសបារាំង បានប្រកាសថា ពួកគេបានលុបចោលគម្រោងសាងសង់អគារថ្មីៗជុំវិញទួអេហ្វែលហើយ ដោយសារតែពលរដ្ឋបាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការកាប់ដើមឈើ។
បើតាមការបញ្ជាក់ពីអភិបាលរងក្រុងប៉ារីសកាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅបានឱ្យដឹងថា ៖ «ពួកយើងនឹងលុបចោលរាល់គម្រោងសាងសង់ទាំងអស់នៅជុំវិញទួអេហ្វែល ប៉ុន្តែយើងនឹងនៅតែសាងសង់សួនច្បារឡើងវិញ»។
ការសម្រេចចិត្តលុបចោលគម្រោងសាងសង់នេះដែរកើតមានឡើង ក្រោយក្រុមសកម្មជនបរិស្ថាន និង ពលរដ្ឋជិត ១៥ ម៉ឺននាក់ បាននាំគ្នាចុះញត្តិប្រឆាំងនឹងគម្រោងមួយនេះរាប់ខែមកហើយ។ បើតាមគម្រោងពីមុន ដើមឈើធំៗប្រមាណ ២០ ដើម នឹងត្រូវកាប់ចោល ដើម្បីយកកន្លែងសាងសង់អគារថ្មីៗចំនួន ៤ សម្រាប់បើកហាងកាហ្វេ ហាងលក់ទំនិញ និង បន្ទប់ទឹក ជាដើម។
ដោយឡែក សម្រាប់គម្រោងកែលម្អជាសួនច្បារឡើងវិញនេះ គឺជាផ្នែកដ៏សំខាន់មួយនៃគម្រោងដែលគ្រោងធ្វើឡើងជុំវិញបរិវេណនៃទួអេហ្វែល ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរធំបំផុតមួយនៅប៉ារីស។ គម្រោងនោះរួមមាន ការដាំស្មៅ និង រុក្ខជាតិលម្អផ្សេងៗតាមដងផ្លូវ និង តំបន់សាធារណៈនៅក្បែរនោះ។
បរិវេណចំនួន ៥៤ ហិចតាជុំវិញទួអេហ្វែល ដែលរួមមានទាំងដងផ្លូវជាច្រើននោះ នឹងត្រូវកែប្រែទៅជាតំបន់សម្រាប់អ្នកថ្មើរជើង ជាមួយនឹងប្រភេទមធ្យោបាយធ្វើដំណើរដែលផ្ដល់ផលប៉ះពាល់ទាបដល់អ្នកដើរ ដូចជា ឡានក្រុង និង កង់។
គួរឱ្យដឹងថា រដ្ឋាភិបាលក្រុងប៉ារីស គ្រោងនឹងបញ្ចប់គម្រោងមួយនេះ ឱ្យលឿនតាមដែលអាចធ្វើបាន ដើម្បីជាការត្រៀមខ្លួនសម្រាប់កីឡាអូឡាំពិកនៅប៉ារីស នាឆ្នាំ ២០២៤ ខាងមុខ៕