
ផ្ទុះការជជែកវែកញែក រឿងផ្លាកមានសញ្ញាពូថៅ នៅលើផ្លូវល្បឿនលឿន តាមពិត គឺបែបនេះ
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្រោយបើកឱ្យដំណើរការសាកល្បងឥតគិតថ្លៃ នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ បានធ្វើឱ្យមហាជននាំគ្នាផ្ទុះការងឿងឆ្ងល់ និងវែកញែកជាបន្តបន្ទាប់ចំពោះ អត្ថន័យនៃផ្លាកសញ្ញាចរាចរណ៍រូបពូថៅ ដែលគេបានប្រទះឃើញ នៅលើបណ្ដោយផ្លូវល្បឿនលឿន ដែលបានដាក់ឱ្យប្រើប្រាស់សាកល្បងឥតគិតថ្លៃ រយៈពេល ១ ខែពេញ។
ទាក់ទិនទៅនឹងផ្លាកសញ្ញាខាងលើនេះ តាមរយៈគណនីលោក ផែង វណ្ណៈ បានបង្ហោះឱ្យបានដឹងថា ឯកឧត្ដម គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ចំពោះករណីកំពុងចាប់អារម្មណ៍ខាងលើបែបនេះថា ៖ «ផ្លាកសញ្ញាពូថៅដៃ ដែលដាក់នៅផ្លូវល្បឿនលឿន គ្មានចែងក្នុងច្បាប់ចរាចរណ៍ទេ ក្រសួងបានណែនាំឱ្យក្រុមហ៊ុនដោះចេញវិញហើយ»។
គួរឱ្យដឹងផងដែរថា បើគិតពីម៉ោង ៧:០០ នាទីព្រឹក ដល់ម៉ោង ១៨:០០ នាទីល្ងាច ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ មានយានយន្តចំនួន ៨៩២៧ គ្រឿង បាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង ០៨ ទីតាំង។ ក្នុងចំណោមយានយន្តជិត ៩០០០ គ្រឿងនោះ ក៏មានករណីដែលត្រូវការការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និង ស្វែងរកជំនួយសង្គ្រោះផងដែរ ជាសរុបមានចំនួន ៥២ ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ ១៣៩៩ ក្នុងថ្ងៃនោះ៕