ក្ដៅៗ! អ្នកដំណើរបរទេសចូលកម្ពុជា លែងតម្រូវឱ្យបង្ហាញសេចក្ដីប្រកាសសុខភាព និងបណ្ណចាក់វ៉ាក់សាំងហើយ
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២២ នេះ បានជូនដំណឹងពីការកែសម្រួលនូវវិធានការសុខាភិបាល ចំពោះអ្នកដំណើរមកពីបរទេស។
តាមរយៈសេចក្ដីជូនដំណឹងនៃការកែសម្រួល ក្រសួងបានប្រកាសដូចខាងក្រោម៖
១. ដកចេញនូវវិធានការដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ នៅពេលមកដល់កម្ពុជា។
២. បន្តរក្សាទុកនូវម៉ាស៊ីនវាស់កំដៅពីចម្ងាយ នៅតាមច្រកទ្វារចេញ-ចូលប្រទេស ព្រមទាំងរក្សាទុកមន្ត្រីទទួល បន្ទុកការងារ ចត្តា ឡីស័កមួយចំនួននៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យ ផ្តល់យោបល់ចំពោះអ្នកដំណើរដែល មានរោគសញ្ញា ឬអ្នកជំងឺដែលមានតម្រូវការជាយថាហេតុ។
យ៉ាងណាមិញ ទោះបីជាមានការកែសម្រួលនូវវិធានការសុខាភិបាលដូចមានចែងខាងលើក្ដី ក្រសួងសុខាភិបាលបាន អំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសជំរុញ អញ្ជើញទៅ ចាក់នៅតាមទីកន្លែងចាក់វ៉ាក់សាំងដែលមាននៅតាមរាជធានី-ខេត្ត ដោយពុំតម្រូវឱ្យបង់ប្រាក់នោះទេ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖