រំជួលចិត្ត! ឃើញម៉ូតូខ្លួនឯងនៅឃ្លាំង OCIC ប្ដីប្រពន្ធមួយគូ រត់ទាំងទឹកភ្នែកហូរសស្រាក់ រកអភិបាលរងក្រុង ឱ្យជួយអន្តរាគមន៍
មួយរយៈចុងក្រោយនេះ លោកឃ្លាំង ហួត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និង អភិបាលខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចុះបេសកកម្មត្រួតពិនិត្យឃ្លាំងបញ្ចាំ និងដកហូតម៉ូតូគ្មានឯកសារបានជាច្រើនគ្រឿង ទុកនៅឃ្លាំង OCIC ខណៈមានម្ចាស់ដើមបានទៅទទួលយកម៉ូតូរបស់ខ្លួនដែលធ្លាប់បាត់កន្លងមក បានជាបណ្ដើរៗ ជាមួយអារម្មណ៍រំភើប និងសេចក្ដីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។
ទន្ទឹមនោះ នៅរសៀលថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២២ នេះ មហាជនបាននាំគ្នាផ្ទុះការភ្ជាក់ផ្អើល និងរំជួលចិត្តជាខ្លាំង ក្រោយបានឃើញសកម្មភាពប្ដីប្រពន្ធ មួយគូរ រំភើបទាំងទឹកភ្នែក ក្រោយបានឃើញម៉ូតូខ្លួនដែលធ្លាប់បាត់ មានវត្តមាននៅឃ្លាំង OCIC ជ្រោយចង្វា ទើបដឹកដៃគ្នា រត់មកសាលារាជធានីភ្នំពេញ ឱ្យអភិបាលរងរាជធានីភ្នំពេញ ជួយអន្តរាគមន៍ទាំងទឹកភ្នែកហូរសស្រាក់ គួរឱ្យរំជួលចិត្តក្រៃលែង។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈផេកផ្លូវការ ឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានបង្ហោះវីដេអូប្ដីប្រពន្ធខាងលើ ព្រមទាំងបានបញ្ជាក់ថា ៖ «អាណិតណាស់តាមមករកខ្ញុំដល់សាលារាជធានីភ្នំពេញ ឱ្យជួយអន្តរាគមន៍ យកម៉ូតូជូនពួកគាត់វិញ ព្រោះថាឃើញនៅឃ្លាំង OCIC»។
ឯកឧត្តម បានបន្តឱ្យដឹងទៀតថា ឯកឧត្តមបានសន្យាជាមួយពួកគាត់ទាំងពីរថា នឹងប្រឹងប្រែងដោះស្រាយជូនពួកគាត់ ខណៈពួកគាត់រស់នៅក្នុងផ្ទះជួលមួយកន្លែង ១ ខែបង់ ៥០ ដុល្លារ ខណៈប្ដីជាមន្រ្តីចូលនិវត្តន៍ បច្ចុប្បន្នដើរបង្រៀនគេតាមផ្ទះ បាន ១០ ម៉ឺនរៀលក្នុងមួយខែ បង្រៀនបាន ២,៣ ផ្ទះ៕
សូមទស្សនាវីដេអូនៅខាងក្រោម៖