ម្ដាយគេម្ដាយយើង! វ័យចាស់ហើយ ស៊ូជិះកង់ត្រុកៗ ដើររើសកំប៉ុង ដល់ម៉ោង ៣ ភ្លឺ ទាំងមានជំងឺប្រចាំកាយ
ឆាកជីវិតមនុស្សយើងម្នាក់ៗ មានខ្សែជីវិតខុសៗគ្នា រស់នៅក្នុងជីវភាពផ្សេងៗគ្នា ដោយអ្នកខ្លះមានទ្រព្យសម្បត្តិហូរហៀរ មានគ្រួសារកក់ក្ដៅ រស់នៅស្រណុកសុខស្រួល ប្រកបដោយសុភមង្គល ខណៈអ្នកខ្លះទៀត ទោះវ័យចាស់ហើយនៅតែត្រដររស់ ប្រឹងមួយថ្ងៃដើម្បីមួយថ្ងៃ តស៊ូមិនគិតនឿយហត់ ទោះមានជំងឺប្រចាំកាយក្ដីក៏មិនអាចសម្រាកសោយសុខបាន។
នេះដូចទៅនិងករណីរបស់លោកយាយវ័យចំណាស់ម្នាក់ ដែលត្រូវបានបង្ហោះដោយគណនីឈ្មោះ Seng Chanreasey ដែលលោកយាយមានវ័យចាស់ទៅហើយ តែនៅតស៊ូ ជិះកង់ដ៏ចាស់មួយគ្រឿង ដើររើសកំប៉ុង នៅម្តុំបឹងត្របែក ក្នុងរាជធានីភ្នំពេញ រហូតដល់ម៉ោងបីភ្លឺក៏មាន។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈប្រភពខាងលើបានបញ្ជាក់ឱ្យដឹងថា ដូនចាស់រូបនេះមានផ្ទះនៅម្តុំជិត ៦០ ម៉ែត្រ ដោយរស់នៅលើដីគេទុកចោល។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏មានជំងឺលើសឈាម និងបេះដូងប្រចាំកាយទៀតផង ស្របពេលគ្មានអ្នកណាជាទីពឹងទៀត ពិតជាគួរឱ្យស្រណោះយ៉ាងខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលខ្លោចចិត្តបំផុត ដូនចាស់បានផ្តាំតាមរយៈប្រភពចែករំលែកព័ត៌មានខាងលើថា គាត់ចង់បានរទេះរើសអេតចាយមួយ សម្រាប់បន្តដំណើរជីវិតមួយនេះទៀតផង៕