អន់ចិត្តនឹងប្ដីមិនដាក់រូបខ្លួនក្នុងប្រូហ្វាល់ហ្វេសប៊ុក ស្រ្តីវ័យ ២៧ ឆ្នាំម្នាក់ ដាច់ចិត្តចាកចោលពិភពលោក
កាលពីព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២ ប្រជាពលរដ្ឋរស់នៅម្ដុំឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក នាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងស្រ្តីវ័យ ២៧ ឆ្នាំម្នាក់ បានសម្រេចចិត្តលេបថ្នាំបាញ់ស្មៅបញ្ចប់ជីវិត បន្ទាប់ពីខឹងនឹងប្ដីដែលមិនដាក់រូបថតខ្លួននៅក្នុងប្រូហ្វាល់ហ្វេសប៊ុកជាមួយ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ៦ និង ២៥នាទីព្រឹក ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២ ដែលមានទីតាំងស្ថិតនៅចំណុចក្រុមទី០៨ ភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
តាមប្រភពបានឱ្យដឹងថា មុនឈានដល់ការសម្រេចចិត្តធ្វើអត្តឃាត ស្រ្តីរងគ្រោះឈ្មោះ ភិច ចិន អាយុ ២៧ ឆ្នាំ បានខឹងប្ដីមានឈ្មោះ ហ.ជ អាយុ ២៣ ឆ្នាំ រឿងមិនយករូបថតខ្លួនដាក់ក្នុងប្រូហ្វាល់ហ្វេសប៊ុក រហូតឈានដល់ការឈ្លោះប្រកែកគ្នាបណ្ដាលឱ្យខាងស្រីសម្រេចចិត្តផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនឯង។
ចំពោះដើមហេតុដំបូង ចាប់ផ្ដើមពីពេលប្ដីទៅធ្វើការ ប្រពន្ធបានយកទូរស័ព្ទប្ដីមកលេងហ្វេសប៊ុក រួចបានប្ដូររូបក្នុង ប្រូហ្វាល់ ហ្វេសប៊ុករបស់ប្ដី។ បុរសជាប្ដីបានបញ្ជាក់ថា ការប្ដូររូបក្នុងប្រូហ្វាល់ គឺនាងបានដករូបប្ដីចេញ ហើយដាក់រូបខ្លួនឯង (រូបប្រពន្ធ) លុះពេលប្ដីត្រលប់មកពីធ្វើការវិញ បើកឃើញសួរនាំប្រពន្ធ ហើយប្ដីមិនចង់ឱ្យប្ដូរដាក់រូបប្រពន្ធក្នុងប្រូហ្វាល់ហ្វេសប៊ុកខ្លួន ដែលនាំឱ្យគេមិនស្គាល់ គេមិនហ៊ាន (ឆាត) ហៅទៅធ្វើការងារ ប៉ុន្តែហេតុផលរបស់ប្ដីនេះ មិនត្រូវបានប្រពន្ធយល់ស្របទេ ក៏មានការឈ្លោះប្រកែកទាស់ទែងគ្នាបែកផ្សែង ដោយប្រពន្ធបានលើកហេតុផលចោទប្រកាន់ប្ដីបែបប្រច័ណ្ឌ រហូតប្រពន្ធខឹងក៏ទៅយកថ្នាំបាញ់ស្មៅមកផឹកភ្លាមៗ បណ្ដាលឱ្យពុលប្រកាច់បាត់បង់ជីវិតតែម្ដង៕
ប្រភព៖ ៧មករាញ្ញ៉ូវ