ស្នងការស្រាយបំភ្លឺបែបនេះ ករណីស្ត្រីម្នាក់ថាខ្លួនអត់ខុសអ្វីផង តែត្រូវសមត្ថកិច្ចហៅបញ្ឈប់រថយន្ត
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២២ បានស្រាយចម្ងល់ ព្រមទាំងធ្វើការបកស្រាយបកបំភ្លឺពាក់ព័ន្ធនឹងស្រ្តីម្នាក់ដែលបានជិះឡាន និង ពុំបានពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចហៅធ្វើការណែនាំអប់រំ បែរជាចោទប្រកាន់ និង ប្រើពាក្យសម្តីមិនសមរម្យលើសមត្ថកិច្ចទៅវិញ។
ចំពោះរឿងនេះ តាមរយៈក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយឱ្យបានដឹងថា នៅវេលាម៉ោងប្រហែល ៩:០០ នាទីព្រឹក ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ សមត្ថកិច្ចបានធ្វើការឃាត់រថយន្តម៉ាក vigo ២ បាំងកន្លះ ពណ៌ខ្មៅផ្លាកលេខ ភ្នំពេញ 2P-5250 ដើម្បីធ្វើការអប់រំឱ្យពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវ ព្រោះប្រពន្ធគាត់ពាក់ខ្សែក្រវាត់មិនបានត្រឹមត្រូវ ទើបសមត្ថកិច្ចបានព្យាយាមបញ្ឈប់រថយន្តដើម្បីធ្វើការណែនាំអប់រំ ប៉ុន្តែបែរជាចោទប្រកាន់សមត្ថកិច្ចខុសពីការពិតទៅវិញ។
ភ្ជាប់ទៅនឹងរឿងនេះ ខាងស្នងការក៏បានស្នើរសូមឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកបើកបរចូលរួមគោរពច្បាប់ឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យស្លាប់ របួស និង ខូចខាតទ្រព្យសម្បត្តិជាច្រើនជារៀងរាល់ថ្ងៃ៕