ឥណ្ឌូនេស៊ី កែទិន្នន័យចំនួនអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នានៅស្ដាតពី ១៧៤ នាក់មក ១២៥ នាក់
មន្ត្រីប្រចាំខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី បានធ្វើការកែសម្រួលកំហុសទិន្នន័យចំនួនករណីស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នានៅទីក្រុង Malang ដោយចំនួនពិតប្រាកដនោះគឺ ១២៥ នាក់ មិនមែន ១៧៤ នាក់នោះទេ។
តាមការបញ្ជាក់របស់អភិបាលរងខេត្ត East Java បានឱ្យដឹងនាថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២២ កន្លងទៅថា ៖ «ចំនួនករណីស្លាប់គឺ ១២៥ នាក់ ដោយក្នុងនោះ ១២៤ នាក់ ត្រូវបានរកឃើញអត្តសញ្ញាណ និង ម្នាក់ទៀតមិនទាន់បានកំណត់អត្តសញ្ញាណឡើយ។ ទិន្នន័យបញ្ជាក់ខុសនោះ គឺដោយសារឈ្មោះជនរងគ្រោះខ្លះ ត្រូវបានកត់ត្រា ២ ដង ព្រោះពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្សេងទៀត ដោយនៅទីនោះអត្តសញ្ញាណពួកគេត្រូវកត់ត្រាទុកជាថ្មី»។
គួររំឭកថា នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ ហេតុការណ៍រត់ជាន់គ្នាយ៉ាងរន្ធត់មួយបានកើតមានឡើងនៅពហុកីឡដ្ឋាន Kanjuruhan នាទីក្រុង Malang ខេត្ត East Java ក្រោយក្រុមប៉ូលិស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកគាំទ្រជុំវិញការប្រកួតបាល់ទាត់រវាងក្រុម Arema និង Persebaya Surabaya។
បើតាមមេប៉ូលិសខេត្ត East Java បានបញ្ជាក់ថា ក្រុមអ្នកគាំទ្រចាប់ផ្ដើមចលាចល និង នាំគ្នាផ្អើលរត់ចេញពីលានប្រកួតតម្រង់ទៅច្រកចេញ ដែលបណ្ដាលឱ្យហេតុការណ៍រត់ជាន់គ្នាកើតមានឡើង។ លោកបានឱ្យដឹងទៀតថា មនុស្សចំនួន ៣៤ នាក់ បានស្លាប់ភ្លាមៗនៅក្នុងស្ដាត ដោយរួមមានប៉ូលិសចំនួន ២ នាក់ផងដែរ។ លោកបានអះអាងទៀតដែរថា ក្រុមប៉ូលិសគឺបានត្រៀមខ្លួនទុកជាមុនរួចហើយ មុនឈានដល់ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ព្រោះថាអ្នកគាំទ្រទាំងនោះបានចាប់ផ្ដើមវាយប្រហារមកលើប៉ូលិស និង បំផ្លិចបំផ្លាញយានយន្តប៉ូលិសទៀត។
គួរបញ្ជាក់ផងដែរ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសន្តិសុខនៅឥណ្ឌូនេស៊ី ចំនួនមនុស្សចូលរួមមើលការប្រកួតក្នុងពហុកីឡដ្ឋាន Kanjuruhan អំឡុងពេលមានហេតុការណ៍សោកនាដកម្មកើតមានឡើងនោះ គឺលើសចំនួនទៅទៀត។ ការប្រកួតបាល់ទាត់នេះ គឺសំបុត្រលក់ដាច់រហូតដល់ប្រមាណជា ៤២ ០០០ សំបុត្រ ខណៈស្តាតផ្ទុកមនុស្សបានត្រឹម ៣៨ ០០០ នាក់ប៉ុណ្ណោះ។
ដោយឡែក ក្រោយសោកនាដកម្មរត់ជាន់គ្នាដ៏រន្ធត់ អំឡុងពេលប្រកួតបាល់ទាត់នេះដែរ លោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo នាថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២២ ក៏បានដាក់បញ្ជាឱ្យខាងសមាគមបាល់ទាត់ ផ្អាកការប្រកួតទាំងអស់នៅ Liga 1 រហូតដល់ការស៊ើបអង្កេតជុំវិញហេតុការណ៍រត់ជាន់គ្នានេះត្រូវបានបញ្ចប់៕