ទិដ្ឋភាពប្រាសាទអង្គរវត្ត នាពេលព្រឹកព្រលឹម ជាមួយផ្ទៃមេឃក្រហមឆ្អៅ ស្រស់ត្រកាលក្រៃលែង
ប្រាសាទអង្គរវត្ត ត្រូវបានគេស្គាល់ថាជាប្រាង្គប្រាសាទខ្មែរដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងសកលលោក ដែលបុព្វបុរសខ្មែរបានកសាងប្រកបដោយអច្ឆរិយភាពលើទឹកដីខេត្តសៀមរាប ជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និង បានឆ្លាក់ជាប់លើទង់ជាតិខ្មែរ ជាកេរដំណែលដល់ប្រជាពលរដ្ឋកម្ពុជា។
ទន្ទឹមទៅនឹងភាពអស្ចារ្យ នៃប្រាសាទអង្គរនេះ នៅព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២២ នេះ តាមរយៈអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវទិដ្ឋភាពនៃប្រាសាទអង្គរវត្ត នាពេលព្រឹកព្រលឹម អមដោយផ្ទៃមេឃក្រហមឆ្អិនឆ្អៅ បូករួមដំណក់ទឹកលើកម្រាលថ្មប្រាសាទក្នុងស្ថានភាពរដូវវស្សា បង្កើតបានជាទស្សនីយភាពស្រស់ត្រកាល គន់មើលមិនជិនណាយ និង អស្ចារ្យក្រៃលែង។
គួរឱ្យដឹងផងដែរថា តាមរយៈទស្សនីយភាពប្លែកៗ និង ភាពអស្ចារ្យនានាដែលបានកើតឡើងនៅប្រាសាទអង្គរវត្តនាពេលកន្លងមក បានធ្វើឱ្យទាក់ទាញភ្ញៀវអន្តរជាតិ អ្នកប្រាជ្ញ ស្ថាបត្យករ វិស្វករនានា ឱ្យចង់ចូលមកទស្សនា និង សិក្សាស្វែងយល់ពី រចនាបថ ស្ថាបត្យកម្ម ប្រវត្តិនៃការកកើត ក៏ដូចជាធាតុបង្គុំនៃតួប្រាសាទដ៏ពិសេសពិសាលនេះផងដែរ៕
រូបភាព ៖ លក សុខុម ភ្នាក់ងារទេសចរនៃឣាជ្ញាធរជាតិឣប្សរា