ទើបទិញឡានប្រណីតតម្លៃ ១ លានដុល្លារ មិនទាន់ជិះបានស្រួលបួលផង ត្រូវព្យុះ Hurricane Ian កួចហូរអណ្តែតតាមទឹក
បុរសនៅ Florida ម្នាក់ ថ្មីៗនេះទើបតែចំណាយលុយខ្ទង់លានដុល្លារទិញរថយន្តទំនើបមួយគ្រឿង ប៉ុន្តែបែរជាស៊យចំពេលព្យុះ Hurricane Ian បោកបក់មកដល់ បណ្ដាលឱ្យលិចផ្ទះរបស់លោក ហើយក៏បានហូរនាំយកឡានទំនើបទើបនឹងទិញថ្មីសន្លាងរបស់លោកមួយគ្រឿងនោះអណ្ដែតចេញពីផ្ទះទៅតាមដងផ្លូវ។
ក្នុងនោះដែរ បុរសជាអ្នករស់នៅក្នុងតំបន់ព្យុះវាយប្រហារម្នាក់ឈ្មោះ Ernie ក៏បានធ្វើការចែករំលែកលើបណ្ដាញសង្គមថា ឡានទំនើបពណ៌លឿងម៉ាក McLaren P1 របស់លោក គឺត្រូវបានខូចខាតខ្ទេចខ្ទីដោយសារតែព្យុះកំណាចនោះដែរ។ លោកបានឱ្យដឹងទៀតថា លោកទើបតែទិញឡានមួយគ្រឿងនោះកាលពីសប្ដាហ៍មុនប៉ុណ្ណោះ ដោយឡាននេះដាក់លក់ក្នុងតម្លៃជាង ១ លានដុល្លារឯណោះ។
តាមរយៈការបង្ហោះរបស់លោកបានឱ្យឃើញថា ឡានប្រណីតពណ៌លឿងចែងចាំងមួយគ្រឿងនោះ ដំបូងគឺចតក្នុងការ៉ាស់ឡាន ប៉ុន្តែពេលព្យុះមកដល់ក៏បង្កជាទឹកជំនន់ហូរចូលលិចការ៉ាស់ ហើយក៏ហូរនាំឡានអណ្តែតចេញពីការ៉ាស់ទៅគាំងក្បែរដើមឈើនាដងផ្លូវខាងក្រៅផ្ទះរបស់លោក។
គួរឱ្យដឹងថា ព្យុះកំណាច Hurricane Ian បានវាយប្រហារឈូងសមុទ្រភាគខាងត្បូងសហរដ្ឋអាមេរិកក្នុងរយៈពេល ២៤ ម៉ោង ដែលបង្កជាទឹកជំនន់ធ្ងន់ធ្ងរ រួមទាំងបណ្ដាលឱ្យពលរដ្ឋប្រមាណជា ២ លាននាក់គ្មានអគ្គិសនីប្រើប្រាស់៕