គួរដឹង! រៀបការហើយដឹកដៃគ្នាចុះសំបុត្រអាពាហ៍ពិពាហ៍ បានប្រយោជន៍ ១២ យ៉ាង ជាងរៀបការហើយមិនបានចុះ
ជាទូទៅ ការរៀបចំមង្គលការដោយមានតាអាចារ្យ ភ្លេងខ្មែរ ហែរជំនូន និង ពិធីផ្សេងៗទៀតជាច្រើនក្នុងរយៈពេល ២ ថ្ងៃ ឬ ៣ ថ្ងៃ ដែលលោកមេបារៀបចំឱ្យកូនចៅគឺធ្វើទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរតាំងពីដើមរៀងមក ប៉ុន្តែមិនមែនមានន័យថាក្លាយជាប្ដីប្រពន្ធពិតប្រាកដនៅឡើយទេ។
ដើម្បីបំពេញតួនាទីពេញលេញក្នុងសង្គម និង ក្លាយជាប្ដីប្រពន្ធពេញច្បាប់ លុះត្រាតែអ្នកទាំងពីរបានចុះសំបុត្រអាពាហ៍ពិពាហ៍អនុលោមទៅតាមច្បាប់ក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ខណៈការចុះសំបុត្រអាពាហ៍នេះទៀតសោត បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្ដីប្រពន្ធ ដែលប្រិយមិត្តជិតមានគ្រួសារ និង អ្នកមិនទាន់បានចុះសំបុត្រអាពាហ៍ពិពាហ៍គួរយល់ដឹង។
ជាក់ស្ដែង បើតាមសេចក្ដីណែនាំរបស់អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ការប្រើប្រាស់សំបុត្រអាពាហ៍ពិពាហ៍ មានប្រយោជន៍ ១២ យ៉ាង ដែលមានដូចជា៖
១. ជាប្ដីប្រពន្ធស្របតាមផ្លូវច្បាប់ដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួនឡើយ
២. ទ្រព្យសម្បត្តិរួមក្រោយអាពាហ៍ពិពាហ៍ ត្រូវចែកគ្នាស្មើនៅពេលលែងលះ
៣. កាន់តែមានសុភមង្គល និង ជឿទុកចិត្តគ្នា ពេលមានសំបុត្រអាពាហ៍ពិពាហ៍
៤. ទទួលមរតកស្របច្បាប់
៥. ចុះសំបុត្រកំណើត ឬ បញ្ជាក់សំបុត្រកំណើតកូន
៦. ធ្វើប្លង់ដី/ផ្ទះ
៧. ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ
៨. ការពារប្រឆាំងនឹងទ្វេពន្ធភាព (ការពារប្រឆាំងការមានប្ដីច្រើន ឬ មានប្រពន្ធច្រើន)
៩. ជួយការពារទ្រព្យសម្បត្តិរួមរបស់ប្ដី/ប្រពន្ធ
១០. ទទួលអាហារកិច្ចពេលឪពុក ម្ដាយ លែងលះគ្នា
១១. គ្មានអំពើហិង្សាចំពោះកូន
១២. ការគាំទ្រដល់កូន ៕