ត្រឹម ២ ថ្ងៃ! នៅភ្នំពេញ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ កន្លែងចាក់កន្ទុយលេខបាន ៣៦ ករណី ឃាត់ខ្លួន ៧០ នាក់
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យបានដឹងថា គិតត្រឹមរយៈពេល ២ ថ្ងៃ ថ្ងៃទី ១៧-១៨ ខែកញ្ញា ឆ្នាំ ២០២២ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន ៣៦ ករណី ឃាត់ខ្លួនបាន ៧០ នាក់ (ស្រី ៣៥ នាក់) (ចិន ១០ នាក់ កូរ៉េ ១ នាក់ អារ៉ាប់ ១ នាក់)។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយបានដាក់ចេញនូវផែនការ និង បានបង្កើតក្រុមការងារ ដើម្បីធ្វើការបង្ក្រាប ការបើកលេងល្បែងស៊ីសងខុសច្បាប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
សូមរំឭកផងដែរថា កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសង ពិសេសខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស ដែលមាន ប្រធាន អនុប្រធាន និង សមាជិកសរុប ១២ រូប ក្នុងនោះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ