កូនខ្មែរថែវប្បធម៌! សាលាមធ្យមវិចិត្រសិល្បៈ ប្រកាសជ្រើសរើសសិស្ស ចូលរៀនរបាំ ឥតគិតលុយមួយរៀល
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញយុវជនខ្មែរ ក៏ដូចជាមហាជន បាននាំគ្នាសម្ដែងនូវការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសិល្បៈរបាំបុរាណ របាំប្រពៃណី និង ល្ខោនខោលខ្មែរ ដែលជាមរតកដ៏មានតម្លៃសម្រាប់ជាតិ តាមរយៈការសម្ដែងនានាដែលបានរៀបចំឡើងជាបន្តបន្ទាប់នាពេលថ្មីៗនេះ។
តាមរយៈការគាំទ្រយ៉ាងផុសផុលនេះ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ តាមរយៈផេក សាលាមធ្យមវិចិត្រសិល្បៈ បានជូនដំណឹងពីការប្រឡងជ្រើសរើសសិស្សចូលរៀនដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ចំពោះការសិក្សា របាំបុរាណ របាំប្រពៃណី ល្ខោនខោល នៅសាលារបាំនៃសាលាមធ្យមវិចិត្រសិល្បៈ ដោយធ្វើការចែកពាក្យ និង ទទួលពាក្យពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃ ១៥ ខែធ្នូ ឆ្នាំ ២០២២។
ទន្ទឹមនោះ ចំពោះព័ត៌មានបន្ថែមសូមទាក់ទងការិយាល័យសិក្សាសាលាមធ្យមវិចិត្រសិល្បៈ (បឹងបាយ៉ាប) ដែលមានអាសយដ្ឋាន នៅវិថីបណ្ឌិតម៉ុងឫទ្ធី ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕