ក្ដៅៗ! ក្រសួងកំពុងស្រាវជ្រាវរឿងបែកធ្លាយវីដេអូនាយកសាលាមួយ នៅក្រុងតាខ្មៅ ប្រើហិ-ង្សាលើសិស្សស្រី
នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ នេះ មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង សម្ដែងការងឿងឆ្ងល់ ក្រោយធ្លាយវីដេអូមួយដែលនាយកសាលាបានប្រើអំពើហិង្សា ទៅលើសិស្សរបស់ខ្លួន នៅវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទាក់ទិនទៅនឹងករណីនេះ នៅរសៀលថ្ងៃខែឆ្នាំដដែល លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា បានបញ្ជាក់តាមរយៈសារព័ត៌មានក្នុងស្រុក Fresh News ដូច្នេះថា ៖ «ក្រសួងអប់រំ យុវជន និង កីឡាកំពុងស្រាវជ្រាវករណីនេះ។ ក្រសួងអប់រំ យុវជន និង កីឡា សូមថ្លែងអំណរគុណចំពោះមហាជន ដែលបាន និង បន្តចូលរួមសហការ រួមទាំងផ្តល់ដំណឹងក្នុងន័យចូលរួមលើកកម្ពស់ គុណភាពអប់រំកម្ពុជា»។
បន្ថែមលើសពីនេះ អ្នកនាំពាក្យខាងលើ ក៏បានឱ្យដឹងទៀតថា ករណីមានបាតុភាពនៅតាមគ្រឹះស្ថានសិក្សា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវចាត់វិធានការរដ្ឋបាល បើចាំបាច់អាចសហការជាមួយមន្ទីរអប់រំ យុវជន និង កីឡាទាំង ២៥ ខេត្ត រាជធានីដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និង កីឡា ដែលវិធានការរដ្ឋបាលមាន ២ កម្រិត។
១. វិធានការរដ្ឋបាលថ្នាក់ទី ១ គឺស្តីបន្ទោសជាលាយលក្ខអក្សរ និង ផ្លាស់ដោយបង្ខំ។
២. វិធានការរដ្ឋបាលទី ២ គឺលុបឈ្មោះចេញពីក្របខណ្ឌ។
លោក រស់ សុវាចា ក៏បានលើកឡើងបន្តនូវមាត្រាច្បាប់ពាក់ព័ន្ធនានា ព្រមទាំងអំណរគុណចំពោះកិច្ចសហការណ៍វិជ្ជមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ បុគ្គលិកអប់រំ អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមលើកកម្ពស់សុខភាពសិក្សា និង លុបបំបាត់អំពើហិង្សា ដែលត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធរួមទាំងមាតាបិតាផង៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖
ប្រភព ៖ Fresh News