(វីដេអូ) សរសើរមែន! បឺត សង្ឃឹម ម្ចាស់មេដាយមាសស៊ីហ្គេម បង្វឹកប្រដាល់កូនពូជតាំងពីតូច
កីឡាករប្រដាល់គុណខ្មែរ ទូច រ៉ាឆាន់ ហៅ បឺត សង្ឃឹម ត្រូវបានមហាជនខ្មែរ ពិសេសអ្នកស្នេហាវិស័យប្រដាល់គុណខ្មែរ ស្គាល់ថាជាកីឡាករដ៏មានសមត្ថភាព ជាពិសេស អាចផ្ដួលកីឡាករថៃ នៅវគ្គផ្តាច់ព្រ័ត្រ ទទួលបានមេដាយមាស ជូនជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣១ ឆ្នាំ ២០២២ នៅប្រទេសវៀតណាម គួរឱ្យស្ញើចសរសើរបំផុត។
ថ្មីៗនេះផងដែរ តាមរយៈផេកផ្លូវការរបស់កីឡាករ បឺត សង្ឃឹម ក៏បានបង្ហោះពីសកម្មភាពបង្វឹកកូនប្រុសបណ្ដូលចិត្ត តាំងពីនៅក្មេងវ័យ ខណៈកូនប្រុសរបស់លោក ហាក់មានឆន្ទៈ និង មានឈាមជ័រជាអ្នកប្រដាល់ពីបន្ដវេនពីឪពុក សមជាយុវជនស្នងអ្នកប្រដាល់ជំនាន់ក្រោយពិតៗ។ កីឡាករប្រដាល់ បឺត សង្ឃឹម ក៏បានបង្ហាញពីក្ដីសង្ឃឹមដូច្នេះថា៖ «បង្ហាត់ក្បាច់គុន កូនពូជតិចមើល មានដុងដែរតើ ១០ ឆ្នាំទៀត អ៊ុំៗបានឃើញអូនលើសង្វៀនហើយបាទ»។
តាមរយៈវីដេអូប្រមាណជិត ០២ នាទី នេះដែរ បានបង្ហាញពីសកម្មភាពកីឡាករម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០២២ រូបនេះ បានបង្ហាត់បង្រៀនកូននូវក្បាច់ប្រដាល់គុណខ្មែរ ធ្វើឱ្យមហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ និងស្ញើចសរសើរព្រោងព្រាត ចំពោះការយកចិត្តទុកដាក់ និង រំពឹងថា ក្រោយពេញវ័យ ក្មេងប្រុសតូចរូបនេះ នឹងមានសមត្ថភាពដូចឪពុក អាចដណ្ដើមយកមេដាយមាសជូនជាតិកម្ពុជា និង លើកមុខមាត់ជាតិ តាមរយៈប្រដាល់គុនខ្មែរ នៅលើឆាកអន្តរជាតិ៕
សូមទស្សនាវីដេអូ នៅខាងក្រោម ៖