ណាត់ Crush ទៅលេង! ០៥ ខេត្តនេះ កំណត់ថ្ងៃច្បាស់ហើយ ដើម្បីរៀបចំពិធីប្រណាំងទូក
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ ២០២២ សម្រាប់ថ្នាក់ជាតិ។ សម្រាប់ការរៀបចំពិធីបុណ្យអុំទូកកម្សាន្តសប្បាយរបស់ប្រជាជននៅតាមបណ្ដារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅបានតាមលទ្ធភាពជាក់ស្ដែង។
ទន្ទឹមនឹងនេះ គិតត្រឹមព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ នេះ យើងសង្កេតឃើញថា មានខេត្តចំនួន ៥ ហើយ នៅកម្ពុជា បានប្រកាសពីការរៀបចំប្រារព្ធពិធីបុណ្យអុំទូកកម្សាន្តសប្បាយតាមបណ្ដាខេត្ត ទៅតាមពេលវេលាផ្សេងៗគ្នា ដែលមានដូចជា ៖
១. ខេត្តបាត់ដំបង
ខេត្តបាត់ដំបង នឹងប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប នៅថ្ងៃចេញព្រះវស្សា រយៈពេល ០២ ថ្ងៃពេញ ត្រូវនឹងថ្ងៃទី ០៩-១០ ខែតុលា ឆ្នាំ ២០២២ នៅតាមបណ្ដោយស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២. ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ នឹងប្រារព្ធធ្វើពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ០៣ ថ្ងៃពេញ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ នៅក្នុងខេត្តពោធិ៍សាត់។
៣. ខេត្តកណ្ដាល
ខេត្តកណ្ដាល នឹងធ្វើពិធីប្រណាំងទូក រយៈពេល ០២ ថ្ងៃពេញ គឺនៅថ្ងៃទី ២២-២៣ ខែតុលា ឆ្នាំ ២០២២ នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
៤. ខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ នឹងរៀបចំធ្វើពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ (ចំណុះ ២២ នាក់) រយៈពេល ០២ ថ្ងៃពេញ គឺនៅថ្ងៃទី ០១-០២ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ នៅបរិវេណសួនច្បារផ្លូវភ្លោះមុខសាលាខេត្ត។
៥. ខេត្តស្វាយរៀង
ខេត្តស្វាយរៀង នឹងធ្វើពិធីប្រណាំងទូក រយៈពេល ០២ ថ្ងៃពេញ គឺនៅថ្ងៃទី ២៩-៣០ ខែតុលា ឆ្នាំ ២០២២ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង៕