ហួសចិត្ត! អាជ្ញាធរព័ទ្ធខ្សែ បិទស្លាកប៉ុនណាប៉ុនណី នៅតែមានអ្នកលួចយកសំរាមទៅបោះចោលទៀត
សាលាសង្កាត់ស្ទឹងមានជ័យ កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ បានឱ្យដឹងថា ក្រុមការងារសង្កាត់ និងភ្នាក់ងារសំរាមសង្កាត់ បានសហការជាមួយក្រុមហ៊ុនស៊ិនទ្រី បានចុះប្រមូលសំរាម នៅផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងព័ទ្ធខ្សែ បិទស្លាក ស្នើឱ្យបងប្អូនបញ្ឈប់ចោលសំរាម តទៅទៀត បើសិនអាជ្ញាធររកឃើញ និងធ្វើការផាកពិន័យតែម្តង។
អ្វីដែលធ្វើឱ្យក្រុមការងារហួសចិត្តនោះគឺ ស្រាប់តែរំលងបានមួយថ្ងៃ បើទោះជាមានការព័ទ្ធខ្សែនៅទីតាំង ព្រមទាំងបិទស្លាកហាមចោលសំរាមក្ដី ក៏នៅមានអ្នកយកសំរាមទៅចោលកន្លែងដដែលទាល់តែបាន ជារឿងដែលហួសចិត្តសម្រាប់ក្រុមការងារ ក៏ដូចជាមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក។
តាមរយៈសកម្មភាពនេះ ក្រុមការងារសង្កាត់ ក៏បានធ្វើការក្រើនរំឭកជាថ្មីម្ដងទៀត ឱ្យពលរដ្ឋបញ្ឈប់ចោលសំរាមនៅតាមទីសាធារណៈបន្តទៅទៀត ព្រមទាំងបញ្ជាក់ឱ្យដឹងថា ប្រសិនបើទីតាំងកន្លែងបងប្អូនស្នាក់នៅ ពិបាកកន្លែងទុកដាក់សំរាម សូមរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ ដែលសាមីខ្លួនរស់នៅ៕