ព័ត៌មានក្តៅ ៖ មហាក្សត្រិយានី Elizabeth ទី ២ នៃចក្រភពអង់គ្លេស បានចូលទិវង្គតហើយ ក្នុងជន្មាយុ ៩៦ ព្រះវស្សា
ជាដំណឹងដ៏រន្ធត់មួយ ដោយមហាក្សត្រិយានី Elizabeth ទី ២ ដែលជាម្ចាស់ក្សត្រីបានសោយរាជ្យដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសអង់គ្លេស ពេលនេះបានសោយទិវង្គតហើយក្នុងព្រះជុន្មាយុ ៩៦ វស្សា ដោយព្រះជរាពាធ។
អ្នកនាំពាក្យនៃព្រះរាជវាំង Buckingham បានប្រកាសប្រាប់ពិភពលោកពីការយាងសោយទិវង្គតរបស់មហាក្សត្រិយានីថា ៖ «ព្រះមហាក្សត្រិយានីបានសោយទិវង្គតនៅឯវិមាន Balmoral នាម៉ោង ៦ និង ៣០ នាទីល្ងាច ម៉ោងក្នុងប្រទេសអង់គ្លេស (ប្រមាណជាម៉ោង ១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ ម៉ោងក្នុងប្រទេសកម្ពុជា)»។
យ៉ាងណាមិញ ចំពោះព្រះសពរបស់មហាក្សត្រិយានីគឺកំពុងតែស្ថិតនៅក្នុងវិមាន Balmoral នៃប្រទេសស្កុតឡេន ហើយនឹងយាងព្រះរាជដំណើរមកកាន់ទីក្រុងឡុងដ៍វិញនៅថ្ងៃស្អែកនេះ។
គួរឱ្យដឹងផងដែរថា ការយាងសោយទិវង្គតរបស់មហាក្សត្រិយានី Elizabeth ទី ២ គឺកើតឡើងរយៈពេលប្រាំពីរខែបន្ទាប់ពីព្រះនាងបានប្រារព្ធខួបលើកទី ៧០ នៃការឡើងគ្រងរាជ្យ៕