មិនថមថយទេ! ចំនួនអ្នកស្លា-.ប់ដោយគ្រោះរញ្ជួយដីនៅចិន កើនដល់ជិត ១០០ នាក់ហើយ
ចំនួនអ្នកស្លាប់ ដោយគ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ ដែលវាយប្រហារភាគនិរតីខេត្ត Sichuan ប្រទេសចិននោះ បានកើនឡើងដល់ ៨២ នាក់ហើយ នេះបើតាមការបញ្ជាក់ពីសារព័ត៌មានក្នុងស្រុកនាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ។
គ្រោះរញ្ជួយដីដែលបានវាយប្រហារខេត្ត Sichuan កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ គឺជាគ្រោះរញ្ជួយដីមួយដ៏ខ្លាំងក្លាបំផុតគិតតាំងពីឆ្នាំ ២០១៧ មក ដែលបណ្ដាលឱ្យមនុស្សប្រមាណជាង ២៧០ នាក់រងរបួស និង ៣៥ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
គួរឱ្យដឹងថា គ្រោះធម្មជាតិរញ្ជួយដី គឺកើតមានជាញឹកញាប់ណាស់ក្នុងប្រទេសចិន ជាពិសេសនោះ គឺក្នុងតំបន់នៅភាគនិរតីប្រទេសនេះតែម្ដង។ ជាក់ស្ដែង កាលពីដើមឆ្នាំ ២០២២ នេះ គ្រោះរញ្ជួយដីមួយបានកើតមានឡើងនៅព្រំប្រទល់ខេត្ត Sichuan និង Yunnan ដែលបណ្ដាលឱ្យមនុស្សជាង ២០ នាក់រងរបួស។ ដោយឡែក កាលពីខែមិថុនាកន្លងទៅ ក្នុងស្រុក Lushan ក៏រងការវាយប្រហារពីគ្រោះរញ្ជួយដីផងដែរ ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៤ នាក់ស្លាប់ និង ច្រើននាក់ផ្សេងទៀតរងរបួស៕