ចំនួនអ្នកបាត់បង់ជីវិតនៅក្នុងខារ៉ាអូខេដែលឆេះនៅវៀតណាម បានកើនដល់ ៣២ នាក់ហើយ
បន្ទាប់ពីអគ្គិភ័យយ៉ាងសន្ធោសន្ធៅមួយបានឆាបឆេះខារ៉ាអូខេមួយកន្លែងឯទីក្រុង Thuan An ប្រទេសវៀតណាម កាលពីយប់ថ្ងៃអង្គារ ទី០៦ ឆ្នាំ ២០២២ កន្លងទៅនេះ ចំនួនអ្នកស្លាប់បានកើនដល់ ៣២ នាក់ ដោយក្នុងនោះមានបុរស ១៧ នាក់ និង ស្ត្រី ១៥។
ជាមួយគ្នានេះដែរ បើយោងតាមរបាយការណ៍របស់អាជ្ញាធរក្នុងខេត្ត Binh Duong បានឲ្យដឹងថា ៖ «មូលហេតុដំបូងនៃអគ្គិភ័យនេះ ត្រូវបានគេនិយាយថាមកពីការឆ្លងចរន្តអគ្គិសនី»។
លើសពីនេះទៅទៀតនោះ តាមការចុះផ្សាយរបស់សារព័ត៍មាន CNA ក៏បន្តឱ្យដឹងទៀតថា ៖ «មានមនុស្សជាច្រើនបានរត់ចុះមកខាងក្រៅតាមច្រកធំ ក៏ប៉ុន្តែមនុស្សជាច្រើននាក់ផ្សេងទៀតមិនអាចទ្រាំនឹងកំដៅដែលបានឆាបឆេះ ហើយពួកគេក៏បានលោតចុះមកទាំងមានរបួស បាក់ដៃ និង ជើង»។
ក្រោយមានការឆាបឆេះ និង បង្កឱ្យមានអ្នករបួស និង ស្លាប់ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក៏បានបញ្ជាឱ្យត្រួតពិនិត្យបន្ថែមលើកន្លែងដែលងាយមានហានិភ័យខ្ពស់ ជាពិសេសហាងខារ៉ាអូខេ៕
ប្រភព៖ CNA