ទឹកចិត្តម្ដាយ! ស្ត្រីក្លាហានម្នាក់សង្គ្រោះកូនអាយុ ១៥ ខែ តតាំងនឹងខ្លាកំណាចមួយក្បាលទាំងដៃទទេ
ស្ត្រីម្នាក់ក្នុងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា បានរងរបួសធ្ងន់ ក្រោយរូបនាង ព្យាយាមតតាំងនឹងសត្វខ្លាមួយក្បាលជាមួយដៃទទេ ដើម្បីអាចសង្គ្រោះជីវិតកូនប្រុសរបស់នាង។
ហេតុការណ៍មួយនេះដែរ កើតឡើងនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ជិតកន្លែងអភិរក្សសត្វខ្លា Bandhavgarh រដ្ឋ Madhya Pradesh ភាគកណ្ដាលប្រទេសឥណ្ឌា។ ស្ត្រីរងគ្រោះត្រូវបានស្គាល់ឈ្មោះថា Archana Choudhary អាយុ ២៥ ឆ្នាំ អំឡុងពេលនោះ រូបនាង កំពុងនៅតាមផ្លូវជាមួយកូនប្រុសរបស់នាង ដោយខណៈនោះ សត្វខ្លាមួយក្បាល ក៏បានហក់ចេញពីគុម្ពព្រៃមក វាយប្រហារលើកូននាងតែម្ដង។
បើតាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងទៀតថា សត្វខ្លានោះបានខាំក្បាលរបស់ក្មេងប្រុសតូចនោះ ហើយព្យាយាមពាំរត់ចេញ ប៉ុន្តែស្ត្រីជាម្ដាយបានឃើញ និង ស្ទុះទៅជួយទាន់ ដោយនាងបានយកដៃដាល់ និង យកជើងទាត់លើខ្លាជាច្រើនដង ស្របពេលមាត់របស់នាងស្រែកដង្ហើយឱ្យគេជួយផង។ ពេលនោះដែរ អ្នកភូមិជិតនោះបានឮសម្រែករបស់នាង ក៏បាននាំគ្នាកាន់ដំបង មកបណ្ដេញខ្លាមួយក្បាលនោះរត់ចូលព្រៃបាត់ទៅ។
គួរឱ្យដឹងថា ក្រោយហេតុការណ៍ ខាងស្វាមីរបស់ស្ត្រីរងគ្រោះក៏បានប្រាប់ពីស្ថានភាពសុខភាពរបស់នាងដែរថា នាងមានបញ្ហារលាកសួត និង របួសធ្ងន់ធ្ងរនៅត្រង់ពោះ ខណៈកូនប្រុសរបស់ពួកគេរងរបួសក្បាល ប៉ុន្តែមិនធ្ងន់ធ្ងរនោះឡើយ៕