ស្រូតៗ! សល់ត្រឹម ១ ថ្ងៃប៉ុណ្ណោះ កម្មវិធីល្ខោនខ្មែរ រដូវកាលទី ១ នឹងផ្អាកទទួលពាក្យចូលរួមប្រកួតពីបេក្ខជនទូទាំងប្រទេសហើយ
នៅសល់រយៈពេលត្រឹមតែ១ថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ដែលរៀបចំដោយស.ស.យ.ក ខេត្តស្វាយរៀង និងគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងផ្អាកទទួលពាក្យចូលរួមប្រកួតពីបេក្ខជន បេក្ខនារី ដែលស្នេហាវិស័យសិល្បៈបុរាណទាំង ២៥ រាជធានី-ខេត្ត។
ប្រព្រឹត្តទៅក្រោមវិញ្ញាសា “ទម្រង់របាំក្បាច់បុរាណខ្មែរ” រដូវកាលទី១ នឹងមានការចូលរួមវាយតម្លៃយ៉ាងសុក្រឹតពីសំណាក់គណៈកម្មការចំនួនបួនរូប ជាព្រឹទ្ធចារ្យចាស់ទុំផ្នែកសិល្បៈបុរាណ រួមមាន៖ (១). ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង (២). លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន (៣). លោកជំទាវសាស្រ្តាចារ្យ សុទ្ធ សុម៉ាលី និង (៤). លោកស្រីសាស្រ្តាចារ្យ សំ សត្យា។ លោកទាំងបួនមិនត្រឹមតែជាគណៈមេប្រយោគដាក់ពិន្ទុទេ ថែមទាំងជាគ្រូបង្វឹកដោយផ្ទាល់ទៅដល់បេក្ខជនប្រកួតផងដែរ។
សូមបញ្ជាក់ផងដែរថា សម្រាប់សាធារណជនមិនថាសិល្បករអាជីពក្ដី មិនអាជីពក្ដីដែលចង់បញ្ចេញសមត្ថភាព និងចូលរួមលើកស្ទួយវិស័យវប្បធម៌ខ្មែរយើង សូមមេត្តាប្រញាប់ដាក់ពាក្យ ដែលលក្ខន្តិកៈងាយស្រួលណាស់ គឺគ្រាន់តែបំពេញពាក្យចូលរួមប្រកួត ភ្ជាប់ជាមួយថវិកាត្រឹមតែ ១០.០០០រៀល និងវីដេអូសម្ដែងទម្រង់របាំក្បាច់បុរាណខ្មែរណាមួយ យ៉ាងតិច ៥ នាទី រួចផ្ញើមកកាន់ទំព័រហ្វេសប៊ុករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ឬតេលេក្រាមលេខ 099 914 121 ដែលមានឈ្មោះថា «ល្ខោនខ្មែរ UYFC SVR»។
សូមកុំឱ្យឱកាសនេះផុតកំណត់ដោយអសារបង់។ ចំពោះជ័យលាភីលេខ១ នឹងទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ ១២ លានរៀល។ ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ៨ លានរៀល និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ៤ លានរៀល។ “មិនត្រឹមតែជាការចូលរួមប្រកួត តែយើងទាំងគ្នា ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ”។
សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចទាក់ទងមកលេខទូរសព្ទ 099 914 121។