ផ្អើលទាំងយប់! ភ្លើងសន្ធោសន្ធៅឆាបឆេះឃ្លាំងរថយន្តមួយនៅទួលគោក អស់ឡាន ១២ គ្រឿង
ការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ពីករណីអគ្គិភ័យមួយ ដែលបានឆាបឆេះឃ្លាំងលក់រថយន្ត បំផ្លាញរថយន្តអស់ចំនួន ១២ គ្រឿង និង ម៉ូតូ ២ គ្រឿង ដែលហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ១ និង ៥០ នាទីយប់រំលងអាធ្រាត ចូលថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២២ ស្ថិតតាមបណ្តោយផ្លូ វ២៧៣ សង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទាក់ទិនទៅនឹងរឿងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ បានឱ្យដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានអគ្គិភ័យកំពុងឆាបឆេះឃ្លាំងលក់រថយន្តមួយកន្លែងនៅជិតអង់តែនទួលគោក ភ្លាមៗនោះលោកក៏បានបញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគ្រប់គោលដៅទាំងអស់ ដើម្បីចេញជួយអន្តរាគមន៍ផងដែរ។
នៅក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១៦ គ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ១៥ គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ ឡាន ស្មើរនឹង ៦០ ម៉ែត្រគូប និង រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១ គ្រឿង ប្រើប្រាស់ទឹកអស់ ១ ឡាន ស្មើនឹង ៤ ម៉ែត្រគូប ទើបបាញ់ពន្លត់ជាស្ថាពរនៅវេលាម៉ោង ២ និង ៣៥ នាទីយប់នាថ្ងៃខែឆ្នាំដដែរ។
បន្ថែមលើសពីនេះ លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះឃ្លាំងលក់រថយន្ត និង សម្ភារខូចខាតអស់ទាំងស្រុង ដែលមានទំហំ (១០ម៉ែត្រ x ២០ម៉ែត្រ) សាងសង់អំពីដែកប្រក់ស័ង្កសី។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕