ធនាគារជាតិ ណែនាំប្រយ័ត្នចាញ់បោកគេ ផ្ដល់ឥណទានតាមអនឡាញ និង បណ្តាញសង្គម ដែលជាសកម្មភាពល្មើសច្បាប់
ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយ និង ផ្តល់ឥណទានដោយខុសច្បាប់ ឱ្យបានដឹងថា កន្លងមកធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថាមានជនខិលខូចមួយចំនួន បានផ្សព្វផ្សាយយ៉ាងបើកចំហ និង ផ្តល់ឥណទានដល់ប្រជាពលរដ្ឋ តាមរូបភាពផ្សេងៗជាច្រើន ដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តប័ណ្ណ និង ការបិតផ្សាយតាមទីកន្លែងសាធារណៈនានា ជាដើម ដែលការផ្តល់ឥណទានដោយក្រុមហ៊ុន ឬ បុគ្គលដែលគ្មានអាជ្ញាបណ្ណទាំងនេះ គឺជាសកម្មភាពល្មើសនឹងច្បាប់ជាធរមាន ជាពិសេស ច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ។
អាស្រ័យហេតុនេះ ធនាគារជាតិនៃកម្ពុជា ស្នើដល់សាធារណជនទាំងអស់ ឱ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និង សូមលើកទឹកចិត្តឱ្យប្រើប្រាស់តែសេវារបស់គ្រឹះស្ថានផ្លូវការតែប៉ុណ្ណោះ ដើម្បីចៀសវាងពីការបោកប្រាស់ក្រោមរូបភាពណាមួយ ឬ ផលវិបាកផ្សេងៗពីការទទួលបានឥណទានក្រៅផ្លូវការ និង ដើម្បីរក្សាស្ថិរភាព ក៏ដូចជាជំនឿទុកចិត្តរបស់សាធារណជនក្នុងប្រព័ន្ធធនាគារ។
ទន្ទឹមនោះ ធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថាន ឥណទានជនបទ គឺជាប្រភេទគ្រឹះស្ថានស្របច្បាប់ និង ផ្លូវការដែលអាចផ្ដល់ឥណទាន និង/ឬ សេវាពាក់ព័ន្ធផ្សេងទៀតដល់ក្រុមហ៊ុន សហគ្រាស និង ឯកត្តជន ខណៈគ្រឹះស្ថានទាំងនេះ ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនរបស់គ្រឹះស្ថានទាំងនេះ ក៏ត្រូវបានការពារដោយច្បាប់ផងដែរ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖