ស្ត្រីម្នាក់ធ្លាប់ដាច់អណ្តាត សំណាងដេរភ្ជាប់វិញបាន តែយូរៗទៅ វែងទៅៗ យ៉ាងភ្ញាក់ផ្អើល
ស្ត្រីម្នាក់ កំពុងតែធ្វើឱ្យមានការភ្ញាក់ផ្អើលមិនតិចឡើយ នៅតាមបណ្តាញសង្គម ដោយនាងបានទម្លាយបទពិសោធន៍ទាក់ទងនឹងអណ្តាតរបស់ខ្លួន ដែលធ្លាប់ដាច់ចេញពីគ្នា សំណាងល្អដេរភ្ជាប់វិញបាន តែចុងក្រោយ វាក៏ធ្វើឱ្យអណា្តតនាងវែងខុសពីមនុស្សធម្មតាតែម្តង។
ក្នុងនោះ ស្រ្តីម្នាក់នេះ គឺជាជនជាតិថៃ ហើយនាងបានទម្លាយពីរឿងអណ្តាតរបស់ខ្លួនថា នាងធ្លាប់ប្រទះគ្រោះថ្នាក់មួយ គឺពេលនៅក្មេង នាងបានពាក់ស្បែកជើងឈើរបស់ជប៉ុន ហើយចេញទៅរត់លេងជាមួយនឹងអ្នកជិតខាង រួចក៏ភ្លាត់ជើងដួល ធ្វើឱ្យធ្មេញខាងលើ និង ខាងក្រោមផ្ទប់គ្នាជាមួយអណ្តាតរហូតដល់ដាច់ តែមិនដាច់ទាំងអស់នោះទេ គឺសំណាងល្អទៅរកគ្រូពេទ្យទាន់ពេលវេលា និង តអណ្តាតមកវិញបាន ហើយចាប់ពីការតអណ្តាតនោះមក ក៏ធ្វើអណ្តាតរបស់នាងវែងខុសពីអណ្តាតធម្មតានោះឯង។
នាងបានឱ្យដឹងទៀតថា កាលនោះ នាងមិនអាចចាំរសជាតិអ្វីបានឡើយ តែយូរៗទៅរសជាតិក៏ចាប់ផ្តើមត្រឡប់មកវិញ ប៉ុន្តែនាងមិនដឹងថា ឥឡូវនេះ វាដូចដើមឬយ៉ាងណានោះទេ ព្រោះមិនដឹងថា សរសៃប្រសាទនៅអណ្តាតនេះខូ ចខាតប៉ុណ្ណា។ ចំណែកការតអណ្តាតវិញ គឺគ្រូពេទ្យបានដេរភ្ជាប់ឱ្យនាង នាងត្រូវដេកនៅមន្ទីរពេទ្យរាប់ថ្ងៃឯណោះ។ ហើយពេទ្យក៏មិនបានដេរថ្នេរធម្មតាឱ្យដែរ ព្រោះកាលនោះនាងនៅតូចពេក ខ្លាចនាងទ្រាំមិនបាន។
ចំណែកមូលហេតុ ដែលធ្វើឱ្យអណ្តាតនាងវែងបែបនេះនោះ គឺ កាលនោះពេទ្យត្រូវតសរសៃប្រសាទឱ្យនាង ហើយក៏បានដេរបែបទុកចន្លោះបន្តិច ដើម្បីឱ្យសាច់វាមកផ្សារភ្ជាប់គ្នាវិញ ទើបធ្វើឱ្យយូរទៅៗ វាក៏វែងទៅៗ ហើយថែមទាំងមានពណ៌ខុសគ្នាទៀត។
យ៉ាងណាមិញ ក្រោយពីស្រ្តីរូបនេះ បានចេញមកទម្លាយពីបទពិសោធន៍របស់ខ្លួនមក ក៏មានមហាជនជាច្រើននាំគ្នាបញ្ចេញមតិសុំឱ្យនាងធ្វើអ្វីប្លែកៗទាក់ទងនឹងអណ្តាតរបស់នាងជាច្រើនយ៉ាងគួរឱ្យអស់សំណើច ហើយនាងមើលទៅក៏ហួសចិត្តមិនចាញ់គ្នាប៉ុន្មាននោះដែរ៕