នៅថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ នេះមន្រ្តីអាហ្វហ្គានីស្ថានបានឪ្យដឹងថា ៖ «ក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ មនុស្សយ៉ាងហោចណាស់ ២០ នាក់បានបាត់បង់ជីវិត និង មនុស្ស ៣៥ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងគ្រោះទឹកជំនន់នៅប្រទេសអាហ្វហ្គានីស្ថាន ជាមួយភ្លៀងធ្លាក់យ៉ាងខ្លាំង ព្រមទាំងបានបំផ្លាញផ្ទះរាប់ពាន់ខ្នង និងបានបំផ្លាញដីកសិកម្មថែមទៀតផង»។
សូមរំលឹកបន្តិចផងដែរថា ប្រទេសអាហ្វហ្គានីស្ថានក៏ទើបតែបានធូរស្បើយពីគ្រោះធម្មជាតិរួមទាំងគ្រោះរាំងស្ងួត និងការរញ្ជួយដីដ៏ធំដែលបានផ្តាច់ជីវិតមនុស្សជាង ១ ពាន់នាក់ កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់លោក Zabihullah Mujahid បានមានប្រសាសន៍ក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមថា ៖ «យើងស្នើឱ្យសហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសឥស្លាម និងអង្គការមនុស្សធម៌ សូមជួយជាបន្ទាន់ដល់ជនរងគ្រោះ ក្នុងគ្រោះធម្មជាតិដ៏អាក្រក់មួយនេះ» ៕
ប្រភព៖ Reuter