សោកស្តាយ! លោក មិត្ត សំអែល ព្រឹទ្ធាចារ្យបាល់ទាត់កម្ពុជា បានទទួលមរណភាពហើយ ក្នុងវ័យ ៨២ ឆ្នាំ
ជារឿងដ៏គួរឱ្យរន្ធត់ និង សោកស្ដាយបំផុត លោក មិត្ត សំអែល ដែលគេស្គាល់ថាជាវីរបុរសបាល់ទាត់ជម្រើសជាតិកម្ពុជា និង ជាព្រឹទ្ធាចារ្យបាល់ទាត់នៅកម្ពុជា លោកបានបាត់បង់ជីវិត នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ ក្នុងជន្មាយុប្រមាណ ៨២ ឆ្នាំ។
បើតាមប្រវត្តិរបស់ព្រឹទ្ធាចារ្យ លោក មិត្ត សំអែល លោកបានកើតនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ១៩៤០ នៅភូមិឃ្លាំងស្បែក ឃុំកំពង់ល្លួង ស្រុកពញាឮ ខេត្តកណ្ដាល។ លោកមានប្រវត្តិប្រឡូកវិស័យបាល់ទាត់ក្នុងវ័យ ១៦ ឆ្នាំ ពោលគឺតាំងពីឆ្នាំ ១៩៥៦ រហូតដល់លោកត្រូវបានកោះហៅចូលលេងជាកីឡាករជម្រើសរបស់ក្រសួងការពារជាតិ ក្នុងឆ្នាំ ១៩៦៥ និង បានជាប់ជម្រើសជាតិខ្មែរ ក្នុងឆ្នាំ ១៩៦៧ ខណៈជំនាញផ្ទាល់ខ្លួនរបស់លោក គឺការប្រើក្បាលដើម្បីតែតបញ្ចូលទី។
ក្នុងវិស័យនេះកន្លងមក លោក មិត្ត សំអែល ក៏ជាផ្នែកមួយនៃការនាំយកកីឡាបាល់ទាត់ខ្មែរត្រឡប់មកវិញ ក្រោយសម័យខ្មែរក្រហមបានបញ្ចប់ ព្រមទាំងបណ្ដុះបណ្ដាលយុវជនខ្មែរជាច្រើនផងដែរ៕