ប្រពៃមែន! បន្តិចទៀតនំអន្សមជ្រូកខ្មែរនៅស្ទឹងត្រែង នឹងចុះបញ្ជីកម្មសិទ្ធិបញ្ញា បញ្ចូលជាភូមិមួយផលិតផលមួយ
នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ នេះ តាមរយៈក្រសួងព័ត៌មានបានបញ្ជាក់ឱ្យបានដឹងថា គណៈកម្មការថ្នាក់ខេត្តបានចុះត្រួតពិនិត្យទីតាំងផលិតអន្សមជ្រូកឆ្ងាញ់ប្រចាំតំបន់ ដែលពលរដ្ឋផលិតនៅភូមិព្រែក ខេត្តស្ទឹងត្រែង ដើម្បីឈានទៅរៀបចំចុះបញ្ជីកម្មសិទ្ធិបញ្ញា បង្កើតជាភូមិមួយមានផលិតផលមួយ និង បានរក្សានូវមរតកដូនតាផង។
នៅក្នុងឱកាសនោះ អនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត លោក ឡា ពុទ្ធី បានបញ្ជាក់ថា ពលរដ្ឋដែលបង្កើតបានមុខរបរសមស្រប និង មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដូចជានំអន្សមជ្រូកឆ្ងាញ់នេះជាដើម គណៈកម្មការថ្នាក់ខេត្តវាយតម្លៃពីលក្ខណសម្បត្តិ ដូចជាទីតាំងផលិត រយៈពេលផលិត បរិមាណ គុណភាព សោភណ្ឌភាព និង ការផ្សព្វផ្សាយផលិតផលទៅកាន់ទីផ្សារ ដែលជាមូលដ្ឋានចាំបាច់សម្រាប់បំពេញឱ្យលក្ខខណ្ឌ ដែលគណៈកម្មការចង់បាន។
លោកបន្តថា ការបង្កើតភូមិមួយមានផលិតផលមួយនេះតម្រូវឱ្យម្ចាស់អាជីវកម្មបំពេញបែបបទស្នើសុំសម្រាប់បញ្ជូនទៅក្រសួងពាក់ព័ន្ធ ដោយអាចជួយទ្រទ្រង់មុខរបរអតិថិជនគាំទ្រ ហើយនាំគ្នាផលិតឱ្យមានលក់អចិន្ត្រៃយ៍ប្រចាំក្នុងតំបន់។
លោកអះអាងទៀតថា នំអន្សមនេះត្រូវផលិតប្រចាំជារៀងរហូត ដើម្បីនាំគ្នាអភិរក្សស្នាដៃមរតកដូនតាផង និង បានបង្ហាត់បង្រៀនប្អូនៗយុវជនយុវនារីជំនាន់ក្រោយឱ្យចេះផលិត ដើម្បីមានមុខរបរសម្រាប់លក់ដូររកប្រាក់ចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ នៅក្នុងភូមិដោយមិនបាច់ធ្វើចំណាក ស្រុកទៅលក់កម្លាំងពលកម្ម៕