សមិទ្ធផលថ្មី! ផ្លូវក្រវ៉ាត់ក្រុងខ្សែទី ៣ សម្រេចបានជាង ៧០% ហើយ គ្រោងបញ្ចប់នៅពេលមួយនេះ
ក្រសួងសាធារណការ និង ដឹកជញ្ជូន នាពេលថ្មីៗនេះបានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី ៣ (ផ្លូវជាតិលេខ ៤ – ផ្លូវជាតិលេខ ១) ដែលមានប្រវែងសរុបជិត ៥៣ គីឡូម៉ែត្រ សម្រេចបាន ៧៦,៨៧% ហើយ គិតត្រឹមថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ ដោយការងារផ្លូវសម្រេចបាន ៧២,៤៦% ការងារស្ពានរំលង (Flyover) សម្រេចបាន ៦៩,៩០% និង ការងារស្ពានសម្រេចបាន ៩៥,៩៨%។
សូមបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ ចាប់ផ្តើមពីផ្លូវជាតិលេខ ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និង ផ្លូវជាតិលេខ ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និង ទំនើបថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ និង ផ្លូវជាតិលេខ ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និង កោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ)។
ពិសេសជាងនេះទៅទៀត ខ្សែផ្លូវនេះក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាបំពេញឱ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និង របៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គផងដែរ។
គួរឱ្យដឹងផងដែរថា គម្រោងផ្លូវក្រវាត់ក្រុងខ្សែទី ៣ នេះ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៩ អនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧ លានដុល្លារអាមេរិក និង អនុវត្តការងារត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥,៣៨ លានដុល្លារអាមេរិកក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕
ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន