នៅសុខៗ បង្ហោះអួតពីប្រាក់ខែប្ដីលើបណ្ដាញសង្គម ស្រាប់តែភ្លាត់ស្នៀត នាំប្តីជួបរឿងធំបណ្ដោយ
យើងឃើញហើយថា បណ្តាញសង្គមកំពុងតែពេញនិយមខ្លាំង ត្រូវបានគេប្រើប្រាស់ជាប្រយោជន៍ជាច្រើនក្នុងការទំនាក់ទំនងគ្នា និងចែកចាយរឿងរ៉ាវជាច្រើន ប៉ុន្តែបើសិនជាយើងប្រើវាដោយមិនបានពិចារណា និងប្រុងប្រយ័ត្ននោះ វាក៏អាចបណ្តាលឱ្យមានការខូចខាតផងដែរ។
ជាក់ស្តែង មានករណីរបស់ស្រ្តីជនជាតិចិនម្នាក់ បានផុសអួតរឿងស្វាមីសំណព្វចិត្តរបស់ខ្លួននៅតាមបណ្តាញសង្គម ហើយការផុសរបស់នាង គឺមិនមែនជាការទទួលបានកាដូផ្សេងៗឡើយ តែជាប័ណ្ណបញ្ជាក់ប្រាក់ខែរបស់ស្វាមី រហូតចុងក្រោយធ្វើឱ្យប្តីត្រូវស៊យធ្ងន់ទៀតផង។
ក្នុងនោះ បើតាមព័ត៌មានបានឱ្យដឹងថា ស្រ្តីម្នាក់នេះ បានថតរូបរបស់ខ្លួនជាមួយនឹងស្វាមីបង្ហោះនៅតាមបង្ហាញសង្គម ព្រមជាមួយនឹង Caption ថា «ថ្ងៃនេះបានទូរ ATM ផ្ទាល់ខ្លួនតាមចិត្ត» ហើយក៏បានផុសរូបប័ណ្ណបញ្ជាក់ប្រាក់ខែរបស់ប្តីមួយសន្លឹកជាមួយផងដែរ។
ក្នុងប័ណ្ណនោះ បានបញ្ជាក់ថា ស្វាមីរបស់នាងមានប្រាក់ខែរហូតទៅដល់ជាង ១២ ០០០០ ដុល្លារ ឯណោះក្នុងមួយខែ ព្រោះស្វាមីរបស់នាង កំពុងធ្វើការឱ្យក្រុមហ៊ុនវិនិយោគអន្តរជាតិមួយកន្លែង ហើយបើតាមការឱ្យដឹង ក្រុមហ៊ុននោះ មិនអនុញ្ញាតិឱ្យបុគ្គលិកយករឿងប្រាក់ខែរបស់ខ្លួនមកបង្ហោះចែកចាយឱ្យអ្នកដទៃដឹងទេ ព្រោះវាជាគោលការណ៍ក្រុមហ៊ុន។
ក្រោយការបង្ហោះរបស់ស្ដ្រីរូបនេះ ឃើញថាមានមហាជនជាច្រើន ក៏បានចូលដាស់តឿនដោយការបារម្ភ នៅក្រោមការបង្ហោះរបស់ស្ត្រីម្នាក់នេះផងដែរ ថារឿងប្រាក់ខែ មិនមែនជារឿងគួរយកមកអួតនៅតាមបណ្តាញសង្គមនោះទេ ប៉ុន្តែស្រ្តីរូបនេះមិនបានយកចិត្តទុកដាក់ស្តាប់នោះទេ។
យ៉ាងណាមិញ ចំពោះការបង្ហោះនេះបានធ្វើឱ្យផ្ទុះសាយភាពពេញលើបណ្ដាញសង្គម រហូតដឹងដល់ខាងក្រុមហ៊ុនរបស់ប្ដីនាងធ្វើការ ហើយខាងក្រុមហ៊ុនរបស់ស្វាមីនាង ក៏បានចេញមុខមកបកស្រាយចេញជាព័ត៌មានទៀតផង។ មិនតែប៉ុណ្ណោះ ខាងក្រុមហ៊ុនក៏បានផ្អាកការងាររបស់ស្វាមីនាង ព្រមទាំងហៅបុរសរូបនោះ ទៅសាកសួរទៀតផង៕