កូនគេ កូនយើង! ឪពុកជិះលក់ផ្លែឈើ កូនស្រីស៊ូអង្គុយរៀនក្រោមសំយ៉ាបផ្ទះគេ
នៅតាមបណ្ដោយវិថី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គេនិយមក្រឡេកឃើញក្មេងស្រីមួយរូប មានអាយុខ្ទង់ប្រហែល ០៦ ឆ្នាំ អង្គុយក្បែរអាណាព្យាបាល ដែលជាអ្នកលក់ដូរផ្លែឈើតាមចិញ្ចើមផ្លូវ អង្គុយសរសេរអក្សរយ៉ាងផ្ចិតផ្ចង់ និងតែងទទួលបានការកោតសរសើរពីសំណាក់អ្នកលេងបណ្ដាញសង្គម ក៏ដូចជា អ្នកដែលបានជិះកាត់ជាដើម។
ទាក់ទិនទៅនឹងរឿងរ៉ាវក្មេងស្រីខាងលើនេះ បើតាមការសរសេររៀបរាប់ពីគណនីមួយដែលមានឈ្មោះ Ly Ya បានឱ្យដឹងថា ក្មេងស្រីតូចចំណាប់ខាងលើ មានឈ្មោះស្រី រីម មានអាយុអត់ទាន់គ្រប់ ៦ ឆ្នាំទេ តែចេះសរសេរអក្សរខ្មែរ និង អង់គ្លេសខ្លះៗ ព្រមទាំងអាចអាន និងប្រកបភាសាខ្មែរបាន តែពុំទាន់ចេះប្រកបអង់គ្លេសអាននៅឡើយទេ។
ទន្ទឹមនឹងនោះ គណនីខាងលើបានឱ្យដឹងទៀតថា អាណាព្យាបាលរបស់កុមារី តែងតែអង្គុយនៅស្តុបបូកគោ ឬ ស្តុបផ្សារដើមគរ ក្នុងការប្រកបមុខរបរលក់ដូររបស់ខ្លួន និង ឆ្លៀតបង្រៀនក្មេងតូច។ អាស្រ័យហេតុនេះ សម្រាប់ប្រិយមិត្ត ដែលឆ្លងកាត់បានឃើញ អាចជួយទិញ ឬ ជូនលុយ និងសៀវភៅនិទានកុមារជាភាសាខ្មែរជាដើម ព្រោះក្មេងស្រីរូបនេះ ចេះប្រកបអាន និងស្រឡាញ់ចូលចិត្តការសិក្សាណាស់៕
ប្រភព ៖ Phearun Yin / Ly Ya