មន្ទីរបរិស្ថានខេត្តកោះកុង នាពេលកន្លងមក បានធ្វើការស្រាវជ្រាវរុករកឃើញទីតាំងសក្តានុពលទេសចរណ៍ធម្មជាតិ ទឹកធ្លាក់មួយកន្លែង ឈ្មោះ «ឆាយតាភោគ» ដែលកំពុងលាក់ខ្លួន នៅលើភ្នំម្រេចកង្កែប នៃតំបន់អារ៉ែង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ក្នុងឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។
ទឹកធ្លាក់ដែលបានរុករកឃើញ មានឈ្មោះ «ឆាយតាភោគ» នេះ មានកម្ពស់ប្រមាណ ១៥ ម៉ែត្រ ហូរធ្លាក់ចុះមកក្រោម ហើយមានចំងាយពីទីតាំងពយភ្នំម្រេចកង្កែប ប្រវែងប្រមាណ ២៥០ ម៉ែត្រ ប៉ុណ្ណោះ ខណៈកន្លងមកទឹកធ្លាក់នេះហាក់ដូចជាកន្លែងធម្មជាតិថ្មីមួយទៀត ដែលអ្នកទេសចរណ៍មិនទាន់បានទៅដល់ នៅពេលពួកគេមកកម្សាន្តនៅតំបន់ទេសចរណ៍ស្ទឹងអារ៉ែង។
ទន្ទឹមទៅនឹងរឿងនេះ មន្រ្តីនៃមន្ទីរបរិស្ថានខេត្តកោះកុង សង្ឃឹមជឿជាក់ថា ទឹកធ្លាក់នៅកន្លែងថ្មីនេះ នឹងបម្រើវិស័យទេសចរណ៍ក្នុងខេត្តកោះកុង ព្រមទាំងជួយដល់ការលើកកម្ពស់ សេដ្ឋកិច្ចមូលដ្ឋាន មួយកម្រិតទៀត៕
ប្រភព ៖ Ministry of Environment