ចែកគ្នាដឹង! ថ្នាក់ទី ១១ ឥឡូវមានមុខវិជ្ជា «ទេសចរណ៍» មួយមុខទៀត ទើបប្រកាសឱ្យប្រើជាផ្លូវការ
នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ នេះ ក្រសួងអប់រំយុវជន និង កីឡា បានបញ្ជាក់ឱ្យបានដឹងថា ក្រសួងអប់រំ និង ក្រសួងទេសចរណ៍ បានសហការគ្នាផ្សព្វផ្សាយ និង ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសៀវភៅ «ទេសចរណ៍» ជាមុខវិជ្ជាមួយរៀននៅថ្នាក់ទី ១១ សម្រាប់សាលាចំណេះដឹងទូទៅ របស់ក្រសួងអប់រំ។
ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ថា ការដាក់បញ្ចូលកម្មវិធីសិក្សាទេសចរណ៍ ទៅក្នុងកម្រិតសិក្សាចំណេះដឹងទូទៅនេះ គឺជាទិសដៅយុទ្ធសាស្ត្រ នៃផែនការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមជំរុញការបណ្ដុះបណ្ដាល និង លើកកម្ពស់ធនធានអ្នកជំនាញទេសចរណ៍ ឱ្យឆ្លើយតបទាំងបរិមាណ និង គុណភាពស្របតាមតម្រូវការអភិវឌ្ឍន៍ ក្នុងវិស័យទេសចរណ៍ ដែលវិស័យនេះត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជា «មាសបៃតង» រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង ការការពារបរិស្ថាន ចូលរួមដល់ការកសាងសេដ្ឋកិច្ចបៃតង នៅកម្ពុជា។
ជាមួយគ្នានោះ បើតាមការបញ្ជាក់ពី ឯកឧត្ដម អ៊ឹម កុច បានឱ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្ស លើវិស័យទេសចរណ៍ ចំពោះសិស្សដែលបានរៀនចប់ត្រឹមថ្នាក់ទី ៩ នឹងបន្តចូលរៀននៅតាមសាលាអប់រំបច្ចេកទេស រាប់ទាំងជំនាញទេសចរណ៍រយៈពេល ៣ ឆ្នាំ។ ក្រោយពេលប្រឡងបានជោគជ័យ និង ទទួលបានសញ្ញាបត្រមួយដែលមានតម្លៃស្មើនឹងសញ្ញាបត្របាក់ឌុបផងដែរ ហើយបេក្ខជនអាចស្នើសុំសញ្ញាបត្រនេះ ដែលមានការបោះត្រា និង ចុះហត្ថលេខាដោយ ក្រសួងអប់រំ យុវជន និង កីឡា៕