សល់តែប៉ុន្មានថ្ងៃទៀត! ក្រសួងនឹងផាកពិន័យចំពោះអ្នកលក់អនឡាញណា ដែលមិនបានស្នើសុំលិខិតអនុញ្ញាត
តាមរយៈលិខិតក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ បានចេញសេចក្ដីជូនដំណឹងស្ដីពីការពន្យារពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។
ក្នុងនោះ ក្រសួងបានបញ្ជាក់ឱ្យបានដឹងថា ដោយយោងតាមការសំណូមពររបស់អាជីវករ សហគ្រាសឯកបុគ្គល និង ក្រុមហ៊ុនជាច្រើន រួមផ្សំជាមួយនឹងការផ្ទុះឡើងវិញនូវជំងឺកូវីដបម្លែងថ្មី (អូមីក្រុង) កំពុងរាលដាលខ្លាំងក្នុងសហគមន៍កន្លងទៅនោះ ក្រសួងពាណិជ្ជកម្ម បានសម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យរហូតដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ ដើម្បីផ្ដល់ពេលវេលាគ្រប់គ្រាន់ដល់រូបវន្តបុគ្គល សហគ្រាសឯកបុគ្គល ឬ ក្រុមហ៊ុន ដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ធ្វើការស្នើសុំលិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណ។
យ៉ាងណាមិញ គិតត្រឹមថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ នេះ គឺសល់រយៈពេលត្រឹមតែ ០៧ ថ្ងៃប៉ុណ្ណោះ នឹងផុតកំណត់ការពន្យារពេលការផាកពិន័យចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកហើយ។
ចំពោះរឿងនេះ ក្រសួងពាណិជ្ជកម្មធ្លាប់បានបញ្ជាក់ផងដែរថា ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មអាជីវកម្មនោះ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ និង អាចមានការផ្ដន្ទាទោសដូចមានចែងក្នុងច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖