ជារឿងដ៏គួរឱ្យចាប់អារម្មណ៍ ថ្មីៗនេះ ទីតាំងហាងមួយក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានរៀបចំជាប៊ុហ្វេទុរេនសំឡូតជាគោលគំនិតដ៏ប្លែក សម្រាប់អ្នកចូលចិត្តទទួលទានផ្លែឈើធម្មជាតិ ជាពិសេសអ្នកចូលចិត្តហូបផ្លែទុរេននៅក្នុងរដូវនេះ។
ថ្លែងមកកាន់សារព័ត៌មាន «ប្រជាប្រិយ» ស្ត្រីវ័យ ៣៤ ឆ្នាំ ឈ្មោះ រៀន ចាន់ល័ក្ខ ជាម្ចាស់ហាង «ស្រីល័ក្ខទុរេន សំឡូត» បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ ហាងរបស់លោកស្រី ដែលមានទីតាំងនៅជាប់ផ្លូវជាតិលេខ ០៥ ក្នុងភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នឹងមានរៀបចំប៊ូហ្វេទុរេន បើកចាប់ពីម៉ោង ០៣ ដល់ម៉ោង ០៨ យប់ ដោយមានរៀបចំបកទុរេន រួចជាស្រេច រង់ចាំភ្ញៀវចូលទទួលទានមួយឆ្អែត នូវរសជាតិទុរេនសំឡូត។
ដោយឡែក ចំពោះតម្លៃវិញ ម្ចាស់ហាងវ័យ ៣៤ ឆ្នាំរូបនេះ បានរៀបរាប់ឱ្យដឹងថា សម្រាប់មនុស្សធំគឺមានតម្លៃ ៣០០០០ រៀល និង អ្នកដែលមានអាយុ ១០ ឆ្នាំចុះ មានតម្លៃ ១៥០០០ រៀល អាចទទួលទានផ្លែទុរេនមួយឆ្អែត នៅទីតាំងខាងលើ។
យ៉ាងណាមិញ ចំពោះមូលហេតុដែលបង្កើតឡើងនូវគោលគំនិតបែបនេះ ម្ចាស់ហាង «ស្រីល័ក្ខធូរេន សំឡូត» បានបញ្ជាក់ថា គឺដោយសារតែចង់ឱ្យប្រិយមិត្តបានស្គាល់នូវទីតាំងហាងថ្មីរបស់ខ្លួន និង ចង់ឱ្យប្រិយមិត្តបានស្គាល់ និង ភ្លក់នូវរសជាតិពិតនៃទុរេនសំឡូតចេញពីចម្ការផ្ទាល់ខ្លួន ដែលបានដាំប្រមាណ ១៥ ឆ្នាំ ស្ថិតនៅភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
អាស្រ័យហេតុនេះ សម្រាប់អ្នកដែលចង់ទទួលទាន អាចទៅកាន់ទីតាំងខាងលើ ឬ ទាក់ទងទៅកាន់លេខ ០៧៧ ៨៧៩ ៧៧៥ និង ០៧៨ ៦២៨ ៨២៨៕