អណ្ដាតភ្លើង ឆេះមិនចេះរលត់រាប់រយឆ្នាំ ស្ថិតនៅក្រោមទឹកជ្រោះ
ឧទ្យាន Chestnut Ridge នៅក្នុងទីក្រុង Buffalo រដ្ឋ New York សហរដ្ឋអាមេរិក គឺតែងតែជាទីកន្លែងដ៏ល្បីល្បាញ និងទាក់ទាញភ្ញៀវទេសចរបំផុតមួយ ដោយសារតែទឹកជ្រោះមានភ្នក់ភ្លើងមិនចេះរលត់ (Eternal Flame)។
ទីកន្លែងមួយនេះ ចាប់តាំងពីពពួកជនជាតិដើមភាគតិចរុករកឃើញតាំងពីរាប់រយឆ្នាំមុនមក ភ្នក់ភ្លើងតូចនៅក្រោមទឹកជ្រោះនោះ គឺមិនដែលចេះរលត់គ្រប់រដូវកាល មិនថារដូវក្ដៅ ស្លឹកឈើជ្រុះ ឬរដូវរងានោះឡើយ។ ក្នុងនោះដែរ សូម្បីតែមានទឹកហូរជុំវិញ ហើយសំណើមភាយប៉ះតាមខ្យល់ ភ្លើងដ៏ចម្លែកនេះក៏មិនរលត់នោះដែរ។
ភ្នក់ភ្លើង Eternal Flame ត្រូវក្រុមជនជាតិដើមភាគតិចគោរពបូជារាប់រយឆ្នាំហើយ ដោយចាត់ទុកជាការប្រទានរបស់ព្រះ។ ពួកគេមានជំនឿជឿថា ភ្នក់ភ្លើងនេះ នឹងអាចរលត់ទៅវិញលុះត្រាណាតែភពផែនដីជួបការវិនាសធ្ងន់ធ្ងរ ហើយខណៈវានៅតែឆេះបែបនេះ បានន័យថាផែនដីនៅជួបប្រទះរឿងល្អៗនៅឡើយ។
ទោះជាយ៉ាងណា បើងាកមកសម័យបច្ចុប្បន្នវិញ អ្នកវិទ្យាសាស្ត្រមកពីគ្រប់ទិសទី បាននាំគ្នាព្យាយាមស្រាវជ្រាវលើបាតុភូតធម្មជាតិដ៏ចម្លែកមួយនេះ។ រហូតមកដល់ឆ្នាំ ២០១៣ ក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ Indiana ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ Arndt Schimmelmann បានធ្វើការបកស្រាយពីភ្នក់ភ្លើងដ៏ល្បីមួយនោះ។
តាមការបកស្រាយរបស់ពួកគេបានលើកឡើងថា តាមពិតទៅ បាតុភូតភ្នក់ភ្លើងចេះមិនរលត់នេះ ក៏ធ្លាប់កើតមាននៅកន្លែងផ្សេងទៀតដែរ។ ភ្លើងទាំងនោះគឺស្ថិតនៅកន្លែងថ្មដីឥដ្ឋពីបុរាណ ដែលមានសីតុណ្ហភាពខ្ពស់ ព្រមជាមួយប្រភពឧស្ម័នធម្មជាតិប្រមូលផ្ដុំក្នុងដីនោះ។ ហេតុដូចនេះហើយ ភ្លើងនោះប្រៀបបីដូចជាការដុតចន្លុះដូច្នោះដែរ ដែលវានៅមានអណ្ដាតភ្លើងជាប់រហូតដោយសារតែសារធាតុឧស្ម័នកប់ក្រោមថ្មនោះឯង៕